រាជធានីភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានលើកឡើងថា ករណីទំនាស់ដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបងត្រូវដកហូតត្រឡប់មកវិញនូវដី ដែលបុគ្គលឈ្មោះ សង ថន បានទន្ទ្រានរំលោភយកដោយខុសច្បាប់ និងត្រូវប្រគល់ឲ្យរដ្ឋបាល ខេត្តបាត់ដំបង គ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។ នេះបើតាមការថ្លែងរបស់សម្ដេចតេជោ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
បើតាមការបញ្ជាក់បន្ថែម ជនខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋដីប្រជាជនក៏នឹងត្រូវ ដកហូតមុខតំណែង និងបណ្ដេញចេញពីគណបក្សប្រជាជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថាអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការងារនេះ បន្តទៅទៀត។ ដំណាក់កាលនេះជាពេល ដែលត្រូវធ្វើការវះកាត់រាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗគឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែងនិងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង។ចំពោះបណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណា ដែលចេញពីអំពើទុច្ចរិតគឺត្រូវធ្វើមោឃភាពចោល។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោក ម៉ៅសុចាន់ ពីអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ៕