រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។
ក្នុងឱកាសដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ នឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕