បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានបើកសម្ពោធជាផ្លូវការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ។

របាយការណ៍សង្ខេប ពីនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានរៀបរាប់ថា៖ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការដ្ឋអស់ ១៧ប៊ីលាន និង១៣លានរៀល។

អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញនិងមកដល់ចំនួន២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក្រឡាហោម បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដល់សេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ៕