បរទេស៖ ការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងអាមេរិក និងអ៊ឺរ៉ុប បានហក់ឡើងខ្ពស់ ធ្វើឲ្យតម្រូវការម៉ាសការពារ មានការកើនឡើងលើសពីសមត្ថភាពផលិតក្នុងប្រទេស ដែលធ្វើឲ្យប្រទេសក្នុងសហភាពអ៊ឺរ៉ុបខ្លះ បញ្ជាទិញពីក្រៅប្រទេស និងត្រូវបានអាមេរិកកាត់មុខ ព្រមទាំងឃាត់ទុកសម្រាប់អាមេរិកប្រើប្រាស់ទៅវិញ។
បារាំងនិងអាល្លឺម៉ង់ បានចោទប្រកាន់អាមេរិកាំង ថាបានប្រើមធ្យោបាយមិនយុត្តិធម៌ដើម្បីទទួលបានម៉ាសការពារវីរុស សម្រាប់បំពេញតម្រូវការក្នុងប្រទេសរៀងៗខ្លួន។
ក្រសួងមហាផ្ទៃក្រុងប៊ែកឡាំងអាល្លឺម៉ង់ បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការរឹបអូសរបាំងចំនួន ២០០,០០០សន្លឹក ដែលបានបញ្ជាទិញពីអ្នកផលិតសហរដ្ឋអាមេរិក នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ។
“យើងគិតថានេះជាសកម្មភាព ចោរសមុទ្រតាមបែបទំនើប” នេះជាសម្ដីរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Andreas Geisel ។
មន្ត្រីបារាំង ក៏បានចោទប្រកាន់អាមេរិកថា បានចំណាយលុយទិញយកម៉ាសការពារនៅក្នុងប្រទេសចិន ដែលគេបានបម្រុងនាំចេញមកប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មានBloomberg ដែលចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០៕