រាជធានីភ្នំពេញ៖ វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហើយ។ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងដែលជាជំនួយ និងទិញមកពីប្រទេសចិន។ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងស៉ីណូហ្វាម ដែលដឹកមកដល់កម្ពុជាព្រឹកថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។ វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ 

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថា យកប្រទេសចិនជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ប្រទេសកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦.៣លាននាក់រួចហើយ  ធៀបនឹងគោលដៅចំនួន១០លាននាក់។ ដោយឡែកការស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ មានចំនួនសរុប ១១៦៨នាក់ ត្រឹមថ្ងៃ២១កក្កដា៕