រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។
លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩៕ SPM