រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩មីនាឆ្នាំ២០២១នេះ បានថ្លែងសារពិសេសថា ៖ «នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងរបស់ភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១,៥លានដូស»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។
សម្តេចបានស្នើគណៈកម្មការចំពោះកិច្ចដើម្បីការចាក់វ៉ាក់សាំង ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់អាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ដែលសម្រាប់មនុស្សចាស់គឺងាយឆ្លង។
រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កងទ័ព និងមន្រ្តី និងជនស៊ីវិល បានជាង៣០ម៉ឺននាក់ ដែលក្នុងនោះក្រសួងសុខាភិបាល ចាក់បាន ១៩៨៤៤៧នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទទាំងស៊ីណូហ្វាម និងអាស្រ្តាសេនេហ្កា ដោយឡែកកងទ័ពគឺចាក់បានចំនួន ១០៩៧៥៦នាក់ ហើយចាក់ដូសទី២ បាន៨១៣៧១នាក់៕
