ប្រាក់ដុល្លារ កំពុងខ្វះការផ្គត់ផ្គងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ ហើយធនាគារមួយចំនួន ស្នើសុំឱ្យសិក្សាពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនេះ។

ប្រព័ន្ធធនាគារក្នុងប្រទេសទួរគី បានដួលរលំ ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណ ដ៏ធំបំផុត​ កាលពីថ្ងៃសុក្រ ចាប់តាំងពីឆ្នាំ 2001 មក ។ រូបិយប័ណ្ណ ទួរគី Lira បានធ្លាក់ចុះ ១៨ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា បន្ថែមពន្ធនាំចូល  ដែកនិងអាលុយម៉ីញុូម ពីប្រទេសទួរគី ។

បុគ្គលិកធនាគារធំ មួយចំនួន ក្នុងប្រទេសទួរគី បាននិយាយថា និយ័តករជាតិបានស្នើឱ្យពួកគេសិក្សាពី ផលប៉ះពាល់នៃ អត្រាការប្រាក់ និងអត្រាប្តូរប្រាក់និងបានកំណត់ពេលសន្និសីទមួយនៅថ្ងៃសៅរ៍ទី១១ ។

ធនាគារមួយចំនួន ក៏កំពុងជួបវិបត្តិនៃការដករូបិយប័ណ្ណបរទេស ដោយអតិថិជនមិនអាចដករូបិយប័ណ្ណបរទេសបានទេ ពីព្រោះសាខាកំពុងរង់ចាំការបំពេញបន្ថែម ពីការិយាល័យកណ្តាល ហើយខ្លះទៀតក៏មិនអាចឲ្យ អតិថិជនដកជាប្រាក់ដុល្លារ ទោះដកត្រឹមតែ5.000 ដុល្លារ ។ អ្នកផ្តល់ព័ត៌មាននៅតាមគ្រឹះស្ថាននីមួយៗបានរាយការណ៍ ពីការកើនឡើងយ៉ាងច្រើននៃការស្នើដកប្រាក់រូបិយប័ណ្ណបរទេស។

បុគ្គលិកធនាគារ បានបញ្ជាក់ពីការកើនឡើងនៃតម្រូវការរូបិយប័ណ្ណបរទេស ដោយលើកឡើងពី ការភ័យខ្លាចថា មានវិធានការនានាដូចជាការគ្រប់គ្រងមូលធន នឹងត្រូវអនុវត្តដើម្បីព្យាយាមទប់ស្កាត់វិបត្តិ។ រដ្ឋាភិបាលទួកគី បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនដាក់កំហិតលើការគ្រប់គ្រងមូលធនទេ។

យោងតាមមនុស្សម្នាក់បានឱ្យដឹងថា ធនាគារមួយចំនួនត្រូវបានបង្ខំឱ្យបញ្ជាទិញសាច់ប្រាក់ ពីបរទេសដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្នុងប្រទេសទួរគី។ ធនាគារទួរគីត្រូវបង់បុព្វលាភដើម្បីដឹកជញ្ជូនសាច់ប្រាក់សុទ្ធពីក្រៅប្រទេសយកមកក្នុងប្រទេសទួរគី។

គួរបញ្ជាក់ផងដែរថា ជនជាតិទួរគី បានសន្សំប្រាក់ជារូបិយប័ណ្ណបរទេស ដើម្បីការពារអតិផរណា និងការធ្លាក់ចុះនៃរូបិយប័ណ្ណ ហើយរបាយកាណ៍ចុងក្រោយ ក៏បានបញ្ជាក់ថាប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារពាក់កណ្តាល គឺជាប្រាក់ដុល្លារឬអឺរ៉ូ៕