សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស

ប៉ា​ម៉ាក់ និង​មនុស្ស​ធំ​គឺ​ជា​គំរូ​ល្អ​​​មួយ​​ក្នុង​ការ​​ដឹក​នាំ​អ្នក​ជំនាន់​ក្រោយ​ឱ្យ​ស្រលាញ់ ​និង​ចូល​ចិត្ត​ទម្លាប់​ការ​អាន​សៀវភៅ​ដើម្បី​​ជា​ចំណេះ​ដឹងពិសេស​កូន​ៗ ក្មួយ​ៗ​របស់​ពួក​គេ​។ នៅ​​​ក្នុង​ឱកាស​អប​អរ​ទិវា​ជាតិ​អំណានក្រោម​ប្រធាន​បទ​"អំណាន​ក្នុង​​បរិបទ​កូវីដ​-១៩" វិធី​សាស្រ្ត​​​សំខាន់​ពីរដោយ​ក្រសួង​អប់​រំបាន​លើក​ឡើង​ដើម្បី​ជា​គន្លឹះ​ជួយ​ដល់​ប៉ា​ម៉ាក់ឬ​មនុស្ស​ធំ​អាច​ជួយ​​បង្កើត​ទម្លាប់និង​ការ​ស្រលាញ់​ចូល​ចិត្ត​​​​​ការ​អាន​ទៅ​​ដល់​ក្មេង​ៗ​ ពិសេស​កុមារ​ដែល​កំពុង​រៀន​ថ្នាក់​ទី​១ឬ​ទី​២​ ដែល​មាន​ដូច​ខាង​ក្រោម​៖

វិធីសាស្រ្ត​ទី​១​គឺ​ការ​ជ្រើស​រើស​សៀវ​ភៅ​ឱ្យ​​ត្រូវ​នឹង​ក្មេង

.គួរ​ជ្រើស​រើស​សៀវភៅ​​ដែល​លម្អ​ដោយ​រូប​ភាព​ទាក់​ទាញ។​

.ជ្រើស​រើស​សៀវភៅ​ដែល​មាន​ទំព័រ​តិច​ល្មម(មិន​លើស​ពី​២០​ទំព័រ)។

.ជ្រើស​រើស​សៀវភៅ​ដែល​មាន​អក្សរ​តិចដែល​មាន​១​បន្ទាត់​ឬ​២​បន្ទាត់​ក្នុង​មួយ​ទំព័រ។​

.នៅ​ពេល​អានគួរ​ឱ្យ​ក្មេង​ៗ​អាន​ដោយ​ចាប់​ផ្តើ​ម​ពី​ទំព័រ​ទី​១​សិន។

Image

.នៅ​ពេល​កូន​ៗឬ​ក្មេង​ៗ​កំពុង​អានអ្នក​អាច​រាប់​ចំនួន​ពាក្យ​ដែល​ពួក​គេ​ពិបាក​អាន ឬ​មិន​អាច​អាន​បាន​សោះ​។ បើ​​ពួក​គេ​ពិបាក​អាន​លើស​ពី​៣​ពាក្យគឺ​គួរ​គប្បី​រើស​សៀវភៅ​ផ្សេង​ដែល​មាន​កម្រិត​ទាប​ជាង​វិញ។ បើ​​ការ​​អាន​របស់​ពួក​គេ​ពិបាក​ត្រឹម​ចំនួន​៣​ពាក្យ ឬ​តិច​ជាង​៣​ពាក្យ គឺ​មាន​ន័យ​ថាពួក​​គេ​កំពុង​​អាន​ត្រូវ​នឹង​កម្រិត​ខ្លួន​។ ហើយ​ប្រសិន​បើ​ពួក​គេ​អាន​គ្មាន​ខុស​ពាក្យ​ណា​មួយ​សោះអ្នក​អាច​ជ្រើស​រើស​សៀវភៅ​បន្ទាប់ដែល​មាន​​កម្រិត​ខ្ពស់​ជាង​នេះ។

គួរ​សម្គាល់​ដែរ​ថា​ការ​ជ្រើស​រើស​សៀវ​ភៅ​​ជា​មធ្យោបាយ​ដើម្បី​ឱ្យ​ក្មេង​ៗ​​អនុវត្ត​ការ​អាននិង​រីករាយ​ក្នុង​ការ​អានដោយ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​អាន​សៀវភៅ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​ជា​បន្ត​បន្ទាប់​ហើយ​នៅ​ពេល​ពួក​គេ​មាន​បទ​ពិសោធ​ល្អ​ក្នុង​ការ​អាននា​ពេល​បន្ទាប់​ពួក​គេ​នឹង​បន្ត​ការ​អាន​សៀវភៅ​ផ្សេង​ៗ​ទៀត​។

វិធីសាស្រ្ត​ទី​២​គន្លឹះ​អនុវត្ត​ការ​អាន​ជា​មួយ​កូន​ៗឬ​ក្មេង​ៗ

.បង្ហាញ​ក្រប​សៀវភៅនិង​ឱ្យ​ពួក​គេ​រៀប​រាប់ពិពណ៌នា​ ថា​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​លើ​រូប​ភាប​និង​អាច​សួរ​ពួក​គេ​ថាតើ​សៀវភៅ​នេះ​នឹង​និយាយ​ពី​អ្វី​?

.អាច​អនុវត្ត​គោល​វិធីខ្ញុំ​ធ្វើ​ យើង​ធ្វើ​និង​អ្នក​ធ្វើ​ ដោយ​អ្នក​ត្រូវ​អាន​យឺត​ៗឱ្យ​កូន​ស្តាប់​ជា​មុន​សិនបន្ទាប់​អ្នក​អាន​យឺ​ត​ៗ​ជា​មួយ​កូន​ៗ ឬ​ក្មេង​ៗនិង​ចុង​ក្រោយ​ឱ្យ​ពួក​គេ​អាន​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​ដូច​នេះ​កូន​ៗ​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​អានព្រោះ​គេ​បាន​អនុវត្ត​​ការ​អាន​ជា​មួយ​អ្នក​ម្តង​រួច​ហើយ​។

.សួរ​សំនួរ​យល់​ដឹង​មួយ​ចំនួនបន្ទាប់​ពី​ពួក​គេ​អាន​រឿង​ចប់​សំនួរ​ទាំង​នេះ​អាច​មាន​នៅ​ខាង​ក្រោយ​នៃ​សៀវភៅ​រឿងឬ​អ្នក​អាច​បង្កើត​សំនួរ​ដោយ​ខ្លួន​ឯង​ប្រសិន​បើ​គ្មាន​សំនួរ​នៅ​ខាង​ក្រោយ​សៀវភៅ។ ធ្វើ​បែប​នេះ​ ដើម្បី​ច្បាស់​ថាពួក​គេ​បាន​យល់​នូវ​អ្វី​ដែល​ពួក​គេ​បាន​អាន។

.តាម​ដាន​មើល​ថាកូន​ៗ​កំពុង​រៀន​ដល់​មេរៀន​ណា​នៅ​សាលា​រៀនដូច​នេះ​អ្នក​អាច​នឹង​អាច​រើស​សៀវភៅ​រឿង​ណាមួយ​ដែល​មាន​អក្សរ​សម​នឹង​កម្រិត​ពួក​គេ​អាន។ គួរ​​សម្គាល់​ថា​អ្នក​គួរ​​រើស​សៀវភៅ​ក្នុង​កម្រិត​​មេរៀន​ណា​​តិច​ជាង​នេះដោយ​ពុំ​ឱ្យ​លើស​ពី​កម្រិត​នោះ​ឡើយដើម្បី​ឱ្យ​ក្មេង​ៗ​ចូល​ចិត្ត​​ និង​រីក​រាយ​អាន​តាម​សមត្ថភាព​ពួក​គេ​ជា​មុន​សិនទើប​បន្ត​ទៅ​កម្រិត​ខ្ពស់​ជា​បន្ទាប់​៕