រាជធានីភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចូលសួរសុខទុក្ខ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ឯកឧត្តម គឺជាបញ្ញវន្តគម្រូមួយរូប ដែលបានសិក្សាស្រាវជ្រាវ និងបានបង្កើតស្នាដៃជាច្រើន ហើយចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម ជាពិសេសលើវិស័យអប់រំ និងប្រវត្តិសាស្ត្រ សម្រាប់ជាពុទ្ធិដល់យុវជនជំនាន់ក្រោយ»។
លោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរឲ្យ លោកបណ្ឌិតសភាចារ្យ ឆាប់បានជាសះស្បើយ និងមានកម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍សារជាថ្មី ដើម្បីណែនាំ អប់រំ និងបង្ហាត់បង្ហាញកូនខ្មែរជំនាន់ក្រោយៗបន្តទៀត។
សូមជម្រាបជូនដែរថា បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ បានចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២០ ៕