សៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងក្នុងបរិវេណតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរ៉ឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។
លោក ហ្វីណង់ បានបញ្ជាក់សារជាថ្មីទៅកាន់សាធារណៈជនទាំងអស់អោយបានជ្រាបថា៖
- ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។
- រដ្ឋបាលស្រុកមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិនោះទេ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផលដោយគ្មានបណ្ណក្រោយឆ្នាំ២០០១ដែរ។
- រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ។ រដ្ឋបាលស្រុកមិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិរឺទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។
លោកអភិបាលស្រុករូបនេះ ក៏បានអំពាវនាវឲ្យ សាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ចាញ់ការបោកបញ្ឆោតអោយទិញដីរដ្ឋ ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ។ រដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន៕