ស្វាមីល្អកម្ររកបានណាស់ ហើយការរៀបការប្តីប្រពន្ធជាការស្មានដូចរៀវម្ជុលក្នុងសមុទ្រ មិនដឹងចិត្តគំនិតយ៉ាងម៉េច។ យ៉ាងណាមិញ អ្នកទាំងសងខាង (ប្តី ប្រពន្ធ) គួរខំប្រឹងខាំមាត់សង្កត់ចិត្តបំពេញតួនាទីរៀងខ្លួនឱ្យបានល្អបរិបូណ៏។មានរឿងអ្វីបន្តិចបន្តួចគួរចេះអត់ឱនគ្នា កុំអង្គុយចាប់កំហុសគ្នាមិនល្អទេ។ មិនមែនយកគេមកបម្រើខ្លួនទេគឺយកគេជាភរិយាហើយស្វាមីគួរប្រតិបត្តិនូវតួនាទីរបស់ខ្លួនដូចខាងក្រោម៖
១-យកជាភរិយាពេញច្បាប់៖ យកពេញមុខពេញមាត់ជាភរិយាពេញលក្ខណៈកុំលាក់លៀម បិទបាំងយកគ្នាធ្វើស្រីកំដរអារម្មណ៍ ហើយបោះចោលនោះទេ។
២-កុំប្រមាទមើលងាយភរិយា៖ ដោយការវាយដំជេរប្រទេច ត្មិះតិះដៀលធ្វើទុក្ខបុកម្នេញធ្វើបាបចិត្តគ្នា។ ត្រូវចេះស្រឡាញ់ថ្នាក់ថ្នមអាណិតអាសូរ ជួយលើកទឹកចិត្តជួយណែនាំដោយបំណងល្អ។
៣-ប្រគល់ភាពជាធំឱ្យភរិយា៖ គឺជាការចាត់ចែងផ្ទះសម្បែងលុយកាក់ កូនចៅ។ កុំឱ្យគ្នាគ្មានសិទ្ធិគ្មានអំណាចអ្វីសោះមិនល្អទេ ឱ្យគ្នាបានបញ្ចេញគំនិតយោបល់មានមតិចូលរួមសម្រេចចិត្តផង កុំយកឈ្នះតែម្នាក់ឯងប្រពន្ធនិយាយមិនបាន។
៤-កុំក្បត់ចិត្តភរិយា៖ ប្រុសខ្លះលុះតាមអំណាតតណ្ហាមានប្រពន្ធពីរ បីធ្វើបាបចិត្តប្រពន្ធដើមដើរប៉ោឡែ មិនគិតផ្ទះសម្បែងវក់នឹងល្បែង ផឹកស្រាផ្គាប់ចិត្តស្រីស្នេហ៍ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មានកំណើតទេកើតទុក្ខក្តៅក្រហាយណាស់។
៥-ឱ្យគ្រឿងអលង្ការ៖ គ្រឿងប្រដាប់តាក់តែងរាងកាយសម្លៀកបំពាក់ គ្រឿងសម្អាងជាតម្រូវការរបស់ស្រ្តីគ្រប់រូបតែងប្រាថ្នាចង់បានព្រោះចង់ស្អាត ចង់ល្អចូលជុំនុំចំណោមគេចុះ។
ភរិយាធ្វើការកំប៉ិកកំប៉ុក១០០ជំពូកនៅផ្ទះតាំងពីបាយទឹក ផ្ទះសម្បែងបោកគក់ មើលកូនចៅ តូចតាចដាំដំណាំដំណោចក្នុងភូមិ។ល។ ភរិយាមានភារកិច្ចធ្ងន់ធ្ងរណាស់ដូច្នេះប្តីត្រូវយល់ចិត្តគ្នាផងឃើញគ្នាខុសឆ្គងម្តងម្កាលគួរអត់ឱនអធ្យាស្រ័យទើបបានសុខយូរអង្វែង។
បំណងរបស់ភរិយា
ក្នុងឋានៈជាប្រពន្ធរបស់បុរសម្នាក់ភរិយាតែងចង់បានរបស់ខ្លះពីស្វាមីរបស់ខ្លួនដូចជា៖
១.ចង់បានការសរសើរលើកទឹកចិត្ត ពាក្យពីរោះផ្អែមល្ហែម មិនគំហកកំហែងពីស្វាមី។
២.ចង់ឱ្យស្វាមីចេះអត់ឱនអធ្យាស្រ័យយោគយល់អធ្យាស្រ័យរាល់ទោសកំហុសដែលខុសឆ្គាំឆ្គងមិនចង់ឱ្យប្តីវាយដំច្រំធាក់ ធ្វើទុក្ខបុកម្នេញឡើយ។
៣.ចង់ឱ្យប្តីប្រគល់មាសប្រាក់ទ្រព្យសម្បត្តិឱ្យខ្លួនចាត់ចែងទុកដាក់ព្រោះខ្លួនជាមេផ្ទះចេះលៃលកសន្សំជាងប្តីជាមនុស្សដៃធំ។
៤.ចង់ឱ្យប្តីចិញ្ចឹមបីបាច់កូនកុំឱ្យគ្រាន់តែបង្កើតហើយដើរចោល។
៥.ចង់ឱ្យប្តីស្មោះត្រង់ចំពោះខ្លួនកុំឱ្យមានស្រីផ្តេសផ្តាស់។
នេះជាបំណងប្រាថ្នារបស់ភរិយាដូច្នេះលោកប្រុសៗគួរតែពិចារណាបំពេញសេចក្តីប្រាថ្នារបស់ភរិយាឱ្យបានសមស្របជៀសវាងទៅរកណេះណោះនាំឱ្យមានរឿងដល់គ្រួសារដែលអាចប៉ះពាល់ដល់អនាគតកូនចៅទៅថ្ងៃមុខ។
បន្ថែមពីនោះបុរសៗក៏គួរស្វែងយល់លក្ខណៈមិនល្អ៧ប្រភេទនៃស្វាមី ដែលគួរវៀរចាកព្រោះនារីៗច្រើនមិនពេញចិត្តដូចជា៖
១.ក្រ៖ រកព្រឹកខ្វះល្ងាចគ្មានអង្ករច្រកឆ្នាំងផ្ទះខ្ទម កន្រ្ទិកកន្ទ្រក់លិចមុខលិចក្រោយ។
២.ឈឺច្រើន៖ រកបានសម្រាប់ចិញ្ចឹមពេទ្យជួនកាលប្រពន្ធរកចិញ្ចឹមវិញ។
៣.ចាស់ពេក៖ គ្មានកម្លាំងកំហែងមុខជ្រួញ ស្បែកយាមិនសមនឹងប្រពន្ធម្លោះហើយគេពុំសូវសប្បាយចិត្ត។
៤.ប្រមឹក៖ ផឹកស្រោចផឹកងូត បានលុយចូលតែតៀមស្រាព័ទ្ធវង់មិនចេះលោះថ្ងៃ។
៥.ធ្វេសប្រហែស៖ ធ្វើការចុងជើងចុងដៃ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណាធ្វើការមិនឱ្យហើយសព្វគ្រប់។
៦.ល្ងង់ខ្លៅ៖ មិនសូវដឹងខុសត្រូវ ចាំតែគេដឹកច្រមុះប្រាប់ប៉ុណ្ណា ធ្វើប៉ុណ្ណឹងមិនចេះបែកគំនិតគិតរកផ្លូវផ្សេងទេ។
៧.ខ្ជិល៖ ចាំតែគេតឿនគេថា ទើបធ្វើ ដេកចាំថ្ងៃរះចាំប្រពន្ធដាស់បានងើប។
៨.មិនអាចបំពេញសេចក្តីត្រូវការរបស់ភរិយាបាន៖ ប្រុសខាងលើនេះឱ្យឈ្មោះថាស្វាមីដែរតែគេហៅថា មិនគ្រប់គ្រឿង។ ប៉ុន្តែទោះជាយ៉ាងណាក្តី ភរិយាមិនត្រូវមើលងាយមើលថោកប្តីឯងឡើយ ព្យាយាមជួយកែប្រែចិត្តគំនិតប្តីឱ្យបានល្អឡើងវិញ៕
ប្រភព៖សៀវភៅយល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោគូ សុភាព