Image

លោក Sun Yun Suan គឺជាអ្នកសេដ្ឋកិច្ច និងជាវិស្វករដែលមានដើមកំណើតនៅចិនដីគោក។ លោកបានធ្វើជាមេដឹកនាំកោះតៃវ៉ាន់ពីឆ្នាំ ១៩៧៨-១៩៨០។ ក្រៅពីកិច្ចការងារ ក្រឡេកមកមើលការទូន្មានប្រដៅកូនៗវិញ លោកបានបន្សល់នូវពាក្យទូន្មានខ្លះៗដល់កូនៗ ដែលប្រយោគទាំងនោះមានអត្ថន័យ និងទទួលភាពល្បីល្បាញច្រើនដោយសារខ្លឹមសារអប់រំនោះ ដែលមានដូចជា៖

១. ជីវិតមនុស្សមិនទៀងទាត់ទេកូន!មិនមានអ្នកណាបានដឹងថា ខ្លួនត្រូវស្លាប់ពេលណា? និងស្លាប់របៀបណានោះទេ? …ដូចនេះធ្វើអំពើបុណ្យឱ្យច្រើន​គឺជាការចាំបាច់។

២. មានតែពុកនិងម៉ែទេ ដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះ ពីព្រោះថានៅលើលោកនេះគ្មានអ្នកណាប្រដៅកូនៗល្អជាងសម្តីពុកម៉ែទេ។ ពាក្យបណ្តាំទាំងនេះគឺជាលទ្ធផល ដែលចេញមកពីបទពិសោធ ញើសឈាម និងទឹកភ្នែករបស់ពុកផ្ទាល់។ វានឹងជួយកូនៗឱ្យចៀសផុតពីការភាន់ច្រឡំខាតពេលវេលាក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ។

៣. បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗមិនបានល្អ កុំរវល់នឹងពួកគេនាំឱ្យតែខាតពេលវេលាទេ។ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើងក្រៅពីពុកម៉ែទេនៅលើលោកនេះ។

៤. ល្បែងរលាយទ្រព្យ។ស្រីរលាយកិត្តិយស។ បារី និងសុរារលាយរាងកាយ។ គ្រឿងញៀនរលាយជីវិត។ 

៥. ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ។ពុំមានវត្ថុណា ដែលមិនអាចប្តូរថ្មីបាន។ បើមានមនុស្សណាដែលខ្លួនស្រលាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូន ឬមួយក៏គេស្លាប់ចោលកូនត្រូវចងចាំថា វាមិនមែនជារឿង “មេឃរលំ ភ្នំរលាយ!” នោះទេ។

៦. ជីវិតមនុស្សខ្លីណាស់បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលា កូននឹងបាត់បង់អស់ហើយ។ ដូចនេះ បើចេះស្រលាញ់ជីវិតគឺត្រូវស្វែងរកសេចក្តីសុខ ការសប្បាយឱ្យបានច្រើនសម្រាប់ជីវិតតាមផ្លូវល្អ។

៧. នៅលើលោកនេះមិនមានស្នេហាអមតៈទេ!...ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា។អារម្មណ៍នេះទៅតាមពេលវេលា វានឹងរលាយសាបបាត់ទៅ ទៅតាមស្ថានភាព និងកាលៈទេសៈហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ។

៨. ទោះបីជាមានមនុស្សច្រើននៅលើលោកនេះរៀនតិចតែជោគជ័យ និងល្បីឈ្មោះនោះគឺដោយសារតែគេសំណាង។ ប៉ុន្តែមិនមែនមានន័យថាមិនចាំបាច់រៀនច្រើន ដើម្បីទទួលជោគជ័យនោះទេ។

៩. អំណាចបុណ្យសក្តិ មិនអាចស្មើកេរ្ត៍ឈ្មោះ និងកិត្តិយសបានទេ។ រៀនស្គាល់តម្លៃនៃវត្ថុរូបិយនិងអរូបិយ…កុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារ?

១០. កូនៗអាចរក្សាពាក្យសម្តីនឹងមនុស្សម្នាជុំវិញខ្លួន។តែកុំរំពឹងថា គេឯងនឹងរក្សាពាក្យសម្តីនឹងកូនៗ។ កូនៗអាចធ្វើអំពើល្អឱ្យមនុស្សម្នាបានតែកុំរំពឹងថា គេឯងនឹងធ្វើអំពើល្អដាក់កូនៗវិញនោះ។

១១. មានមនុស្សទិញឆ្នោត២០ ដល់៣០ឆ្នាំ តែនៅតែក្រ។ នេះបញ្ជាក់ថា ចង់មានត្រូវចេះសន្សំ និងចេះរកស៊ីទៅ។

១២. ការជួបជុំគ្រួសារប្តីប្រពន្ធ បងប្អូន កូនក្មួយ គឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថា យើងបាននៅក្បែរគ្នារយៈពេលប៉ុន្មាននោះទេត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នាពីព្រោះជាតិក្រោយក៏យើងគ្មានឱកាសនឹងជួបគ្នាបានម្តងទៀតបានដែរ៕