រាជធានីភ្នំពេញ៖ ក្នុងសេចក្ដីណែនាំស្ដីពីការអនុវត្តន៍គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា លើវិស័យនាំចេញ វាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់និងផលិតផលធ្វើដំណើរនិងកាបូប ដែលចេញដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីណែនាំមួយ សម្រាប់វិស័យនាំចេញ រោងចក្រកាត់ដេរ តម្រូវឲ្យមានការបំពេញនូវនីតិវិធី២ចំនុច ទើបអាចនាំចេញបាន។
ក្នុងសេចក្ដីណែនាំនេះ បានលើកឡើងថា ការស្នើសុំចុះបញ្ជីទទួលសិទ្ធិនាំចេញទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ស្របតាមប្រកាសស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទចុះបញ្ជី ទទួលសិទ្ធិនាំចេញទំនិងក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មត្រូវអនុវត្តន៍ដូចខាងក្រោម
- ចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC) ជាមុនសិន។ លោក លោកស្រីត្រូវបង់វិភាគទានហិរញ្ញវត្ថុទញរទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តាមរយៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីអាចស្នើសុំចុះបញ្ជីជាមួយគម្រោងនេះ។
- ចាប់ពីឆ្នាំ ២០២២ទៅ ត្រូវមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារដែលចេញដោយអធិការការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់អំពីស្ថានភាពលក្ខខណ្ឌការងារ ប្រចាំរោងចក្រសហគ្រាសរបស់លោកលោកស្រី។
ក្នុងករណី លោក លោកស្រី មិនបានបំពេញលក្ខខណ្ឌខាងលើនោះនឹងមិនទទួលបានសិទ្ធិនាំចេញទំនិញទៅបរទេសនោះទេ។ នេះបើយោងតាមសេចក្ដីណែនាំលេខ ០២១/២១ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ កុម្ភៈ២០២១