រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅចាប់ពីថ្ងៃទី១៣ ខែកក្កដាតទៅ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញនៅថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាសន៍ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អាចអញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជារវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សេចក្ដីប្រកាសដដែលបញ្ជាក់បន្ថែមថា ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ គូសរំលេចឱ្យឃើញជាថ្មីម្តងទៀត នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ ក្នុងការជួយកាត់បន្ថយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និងដោយគ្មានការយកចិត្តទុកដាក់នោះទេ៕