ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ននេះ បាន និងកំពុងរៀបចំសេចក្ដីព្រាងលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ក្នុងការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាក់ទាញការវិនិយោគិនបរទេសបន្ថែម ក្រោមកិច្ចសហការជាមួយប្រទេសសឹង្ហបុរី។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌខាងលើនេះ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀត ពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានមានមានប្រសាសន៍ថា “មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ ចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុឱ្យការរៀបចំកិច្ចព្រមព្រៀងនេះ មានសង្គតភាពទៅនឹងបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគដែលបានគ្រោងទុក៕