របបអាហារពុំគ្រប់គ្រាន់និងមិនមានគ្រប់ជីវជាតិ គឺមានឥទ្ធិពលខ្លាំងទៅលើកម្ពស់របស់យុវជន ពិសេសក្នុងវ័យសិក្សា នេះបើតាមការសិក្សាធ្វើឡើងដោយប្រទេសអង់គ្លេស។
ក្នុងរបាយការណ៍ចេញផ្សាយដោយព្រឹត្តិបត្រវេជ្ជសាស្រ្តThe Lancet ល្បីរបស់អង់គ្លេស បានបង្ហាញពីបញ្ហាខាងលើ ដោយផ្អែកតាមលទ្ធផលសិក្សារបស់អង់គ្លេសក្នុងកម្រិតសកលចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០១៩។ ការសិក្សាបានផ្តោតទៅលើទំនាក់ទំនងរវាងរបបអាហារ និងការលូតលាស់កម្ពស់ និងទម្ងន់របស់កុមារដែលមានវ័យចាប់ពី៥ឆ្នាំរហូតពួកគេមានវ័យដល់១៩ឆ្នាំ។
ជាលទ្ធផលពីការវិភាគលើការសិក្សាជិត២ពាន់ករណី បានបង្ហាញថាគុណភាពនៃរបបអាហារដែលជីវជាតិនៅតាមប្រទេសនីមួយៗដែលគេរស់នៅមានឥទ្ធិពលទៅការលូតលាស់រាងកាយរបស់ពួកគេជាក់ស្តែងនៅត្រឹមឆ្នាំ២០១៩ គេបានរកឃើញថាក្មេងប្រុសជំទង់នៅអឺរ៉ុប(ប្រទេសហូឡង់និងម៉ុងតេណេហ្គ្រូ) នៅវ័យ១៩ឆ្នាំពួកគេមានកម្ពស់ជាមធ្យមប្រហែល១៨៣cm ចំណែកក្មេងស្រីក្នុងវ័យដដែលនោះមានកម្ពស់ប្រហែល ១៧០cm។ បើធៀបនឹងបណ្តាយុវជនវ័យជំទង់នៅតំបន់ប្រទេសអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្តាលកម្ពស់ក្មេងប្រុសជាមធ្យម ប្រហែល១៦២ cmនៅក្នុងវ័យ១៩ឆ្នាំ ចំណែកក្មេងស្រីនៅអាយុ១៩ឆ្នាំ មានកម្ពស់ប្រហែល ១៥២cm។
ការស្រាវជ្រាវក៏បានគូសបញ្ជាក់ផងដែរនូវបញ្ហាសំខាន់មួយ គឺបើទោះបីជាកត្តាហ្សែនពីធម្មជាតិមានឥទ្ធិពលទៅកម្ពស់និងការលូតលាស់របស់ក្មេងៗ ប៉ុន្តែរបបអាហារ និងបរិស្ថានរស់នៅ នៅតែជាកត្តាចូលរួមសំខាន់ក្នុងរឿងនេះ ជាក់ស្តែងគេអាចឃើញលទ្ធផលកម្ពស់របស់ក្មេងជំទង់នៅអាស៊ីមកពីប្រទេសចិន និងកូរ៉េខាងត្បូងដែលសុទ្ធសឹងជាប្រទេសផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កុមារៗតាំងពីនៅវ័យក្មេង ដែលធ្វើឱ្យលទ្ធផលកម្ពស់ក្មេងៗ នៅប្រទេសទាំងនេះមានភាពល្អប្រសើរឡើងនៅត្រឹម២០១៩។
ជាមួយការសិក្សាខាងលើលោកស្រីវេជ្ជបណ្ឌិត AndreaRodriguez Martinez ជាអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ ImperialCollege London និងជាអ្នកដឹកនាំសំខាន់ក្នុងការសិក្សាខាងលើបាននិយាយថា៖ "លទ្ធផលសិក្សារបស់ពួកយើងអាចជម្រុញឱ្យមានគោលនយោបាយបង្កើននូវឱកាសទទួលបានរបបអាហារជីវជាតិដែលរឿងនេះនឹងជួយដល់ក្មេងៗដើម្បីទទួលបានការលូតលាស់កម្ពស់ពួកគេ"។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យ AlanDangour មកពីសាកលវិទ្យាល័យ London School of Hygiene &Medicine ក៏បានលើកឡើងបន្ថែមថានេះជាលើកទីមួយដែលមានការវិភាគទិន្ន័យជាលក្ខណៈសកលអំពីការលូតលាស់របស់កុមារក្នុងអាយុរៀននៅសាលា ហើយនេះគឺជួយចង្អុលបង្ហាញពីបញ្ហាដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ផងដែរលើ ពិសេសនៅវ័យដែលពួកគេកំពុងលូតលាស់ដែលជាប្រយោជន៍រយៈពេលវែងនៃសុខាមាលភាពអ្នកជំនាន់ក្រោយៗ៕