នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្តទន្លេវ៉ៃគោ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

សូមជម្រាបថា គោលបំណងនៃការចុះរួមគ្នាត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្តទន្លេវ៉ៃគោក្នុងខេត្តព្រៃវែង ក្នុងន័យធ្វើយ៉ាងណារៀបចំកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យទឹក វិស័យកសិកម្មនិងការអភិវឌ្ឍជនបទ សំដៅជំរុញ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយបានភាពក្រីក្រស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលដោយផ្ទាល់និងប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រជាកសិករប្រើប្រាស់ទឹក និងបានរម្លឹកប្រាប់ប្រជាកសិករពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតែងលើកឡើងថា សុខទុក្ខប្រជាពលរដ្ឋ និងកិច្ចការបម្រើប្រជាពលរដ្ឋ នៅតែជាការងារអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។

ឆ្លើយតបនឹងសំណូមពររបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរសិក្សាពីលទ្ធភាពបន្តបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក និងផ្តាំផ្ញើដល់ប្រជាកសិករប្រើប្រាស់ទឹកទាំងអស់ឱ្យជួយថែរក្សាសមិទ្ធផលដែលមានស្រាប់។

ក្នុងថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តចុះត្រួតពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅតាមប្រឡាយមេរបស់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោផងដែរ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោដែលមានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥ ០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨ ៣០០ហិកតានៅរដូវវស្សា និង ២៧០ ១០០ហិកតានៅរដូវប្រាំង។ ជំហានទី២ ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹកភ្លៀងបានទទួលពីអាងទន្លេមេគង្គ ៧៩៥០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣ ១០០ហិកតានៅរដូវវស្សា និង ២៣៣០០ហិកតានៅរដូវប្រាំង។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ គឺដើម្បីនាំទឹកទន្លេមេគង្គតាមរយៈ ផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពល អាចបង្កើនផលិតភាព ប្រសិទ្ធភាពកសិកម្ម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើនទ្វេដគោ។