នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងសំណង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ មានមូលដ្ឋានស្ថិតក្នុងភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រព័ន្ធធារាសាស្ត្រនេះបានបញ្ចប់ការសាងសង់ជំហានទី១ ក្នុងឆ្នាំ២០២១ក្រោមគម្រោងគ្រប់គ្រងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត មហាអនុតំបន់ទន្លេមេគង្គ ព្រមទាំងបានធ្វើទំនើបកម្មយ៉ាងរឹងមាំប្រកបដោយបរិយាបន្ន។
ក្នុងឱកាសនោះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់លោក កែវ វ័យ បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ លើសំណើចំនួន៤ គឺ៖ ស្នើសុំបន្តជំហាន២ ស្នើសុំប្រឡាយមេជាបេតុង ស្នើសុំប្រព័ន្ធប្រឡាយដោះទឹក និងស្នើសុំសំណង់សិល្បការ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ដែលទទួលបានប្រភពទឹកពីតំបន់ជួរភ្នំក្រវាញតាមដងស្ទឹងធំមកពីស្រុកវាលវែង អាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីដាំដុះប្រមាណជាង ១៦ ១០០ ហិកតាក្នុងរដូវវស្សា និង៤ ៥០០ហិកតាក្នុងរដូវប្រាំង ព្រមទាំងបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន ៩ ២៦០គ្រួសារ នៅក្នុងមូលដ្ឋានឃុំចំនួន៤ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យគឺ៖ ឃុំសំរោង ឃុំបាក់ចិញ្ចៀន ឃុំផ្ទះរុង និងឃុំតាលោ៕