ភ្នំពេញ៖ សម្រាប់ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋ ចេញផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាព វឌ្ឍនភាពការងារលើវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ រម្លឹកដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្រ្តី៖
"រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ទើបរាល់ព័ត៌មាន និងដំណឹងដែលផ្សាយចេញទៅ ទទួលបាននូវទំនុកចិត្ត និងទទួលយកបាន ព្រមទាំងមានការជឿជាក់ពីប្រជាពលរដ្ឋទូទៅ។"
ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការជំរុញ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណារៀបចំបច្ចុប្បន្នភាពការងារ ផ្ទៃ ក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះថា ក្រសួងព័ត៌មាននៅមានកិច្ចការងារ សំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើ។
ប្រភព៖ AKP
