រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់អនុវត្តពីថ្ងៃទី១ ដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ។ ការធ្វើឡើងនេះបន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោនាយករដ្ឋមន្រ្តី កាលពីយប់ថ្ងៃទី២៨មេសាកន្លងទៅ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា៖ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំនុចសំខានៗគឺ
១- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ ស្រង់តួលេខជាក់លាក់ចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន
២- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងកំណត់
៣- សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងកំណត់៕
សូមបញ្ជាក់ជូនដែរថា តំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ មានការកំណត់តំបន់ក្រហម ដែលសំដៅដល់តំបន់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩៕