ម៉ូតូប្រភេទធុនមធ្យម Royal Enfield មានប្រេនដើមមកពីចក្រភពអង់គ្លេស ដែលប្រភេទម៉ូតូនេះក្នុងសម័យសង្គ្រោមលោក ត្រូវគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនភេសជ្ជៈកាហ្វេ ទៅឱ្យកងទ័ព ក្រោយមកក៏កកើតក្លាយជាម៉ូតូម៉ូដែលពេញនិយមសម្រាប់ជិះផ្លូវឆ្ងាយ ឬបែបផ្សងព្រេងផ្សេងៗ ហើយនៅពេលនេះ កំពុងត្រៀមសម្រុកខ្លួនខ្លាំងទៅក្នុងទីផ្សារនៃបណ្តាប្រទេសអាស៊ី។
ប្រភពព័ត៌មានBBC បានឱ្យដឹងថាប្រេន Royal Enfield ជាប្រេនម៉ូតូមួយក្នុងចំណោមប្រេនម៉ូតូដែលមានអាយុកាលចំណាស់ជាងគេ ហើយត្រូវបន្តផលិតឡើងវិញដោយក្រុមហ៊ុនប្រទេសឥណ្ឌា (Eicher Group) បានទទួលការគាំទ្រខ្លាំងពិសេសមានបញ្ជាទិញច្រើននៅអង់គ្លេស និងក្នុងទីផ្សារអន្តរជាតិ។
មកទល់ពេលនេះប្រេនម៉ូតូខាងលើ ក៏កំពុងសម្លឹងមើលការលក់នៅទូទាំងអាស៊ី ដែលនាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតខាងលើបានបង្ហើបពីគម្រោងបើករោងចក្រផលិតផ្ទាល់នៅប្រទេសថៃ។ ការគ្រោងបើករោងចក្រនៅប្រទេសថៃនោះគឺជាការសម្លឹងមើលការផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារ ដ៏ធំនៃបណ្តាប្រទេសអាស៊ីបន្ទាប់ពីមូលដ្ឋានផលិតផ្ទាល់ក្នុងប្រទេសឥណ្ឌា។
បើតាមលោក Vinod Dasari នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Enfield បានប្រាប់ទៅ BBC ថាអតិថិជនជនជាតិអាស៊ីគាំទ្រខ្លាំងទៅលើម៉ូដគំរូនិងកេរដំណែលនៃប្រេនម៉ូតូនេះ។
“ពួកយើងផ្តោតលើភាពប្រសើរទៅលើម៉ូតូនេះជាជាងតម្លៃរបស់វាបន្ថែមពីនោះ យើងរចនានិងផលិតវាឡើង សម្រាប់ពិភពលោកមិនគ្រាន់តែប្រទេសឥណ្ឌានោះទេ"។ នេះជាសម្តីលើកឡើងរបស់នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតម៉ូតូខាងលើ។
គួរបញ្ជាក់ដែរថារោងចក្រផលិតម៉ូតូ Royal Enfield នៅក្នុងប្រទេសថៃ ត្រូវបានរំពឹងថានឹងដំណើរការក្នុងរយៈពេល១ឆ្នាំខាងមុខ ហើយនឹងនាំចេញម៉ូតូប្រភេទជិះផ្សងព្រេងនេះផ្គត់ផ្គង់ ទៅបណ្តាប្រទេសក្នុងអាស៊ានរួមទាំងប្រទេសចិនទៀតផងដែលសុទ្ធសឹងជាអ្នកគាំទ្រទៅលើ ម៉ាកម៉ូតូខាងលើនេះ៕