គូឡាឡាំពួរ ថ្ងៃទី១៥ ខែសីហា៖ រដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមបង្កើន ប្រាក់ឧបត្ថម្ភសម្រាប់មន្រ្តីកម្មសិក្សា ដែលកំពុងទទួលការបណ្តុះបណ្តាលនៅតាមក្រសួងមន្ទីររដ្ឋាភិបាល និងទីភ្នាក់ងារនានា ដល់ជាង២០០ដុល្លារ ក្នុង១ខែ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកញ្ញា។
រដ្ឋមន្រ្តី ក្រសួង យុវជននិងកីឡា លោក Syed Saddiq Syed Abdul Rahman បាននិយាយថា ការប្រជុំពិសេសមួយ បានសម្រេចឲ្យមានការការកើនឡើងលើសពីបីដង នៃប្រាក់ឧបត្ថម្ភ របស់មន្រ្តីកម្មសិក្សា។
“យើងទើបតែបញ្ចប់ការប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាពីបញ្ហាយុវជនហើយរដ្ឋាភិបាលបានព្រមព្រៀងដំឡើងអត្រាប្រាក់ឧបត្ថម្ភពី 15រីងហ្គីត(3.58USD) ដល់ 45រីងហ្គីត(10.75USD)ក្នុងមួយថ្ងៃដែលកើនឡើងលើសពីបីដង។”
លោកបាននិយាយនៅក្នុងខ្សែអាត់វីដេអូ ដែលមានរយៈពេលជាងមួយនាទីថា“នេះគឺជាការកើនឡើងដ៏ល្អមួយ ពីការមិនទទួលបានប្រាក់ខែទាល់តែសោះ រហូតទទួលបាន 15រីងហ្គីត ក្នុងមួយថ្ងៃ ហើយឥឡូវនេះដូចការរំពឹងគឺយើងទទួលបាន 45រីងហ្គីត ក្នុងមួយថ្ងៃ” ។
រដ្ឋមន្រ្តីវ័យក្មេង បានលើកឡើងថា នេះគឺជាការខិតខំជាវិជ្ជមានរបស់រដ្ឋាភិបាល ហើយបានសន្យាថានឹងបន្តខិតខំធ្វើការដើម្បីយុវជននៅក្នុងប្រទេសម៉ាឡេស៊ី៕MM