បច្ចុប្បន្ននេះយុវវ័យជាច្រើន មានការពេញនិយមក្នុងការហាត់ប្រាណ ថែរក្សាដងខ្លួន និងសុខភាពជាខ្លាំង។ តែយ៉ាងណាមិញ ជាអកុសលមានមនុស្សតិចតួចណាស់ ដែលអាចសម្រេចទៅដល់គោលដៅ នៅពេលហាត់ប្រាណសម្រកគីឡូម្តងៗ។ ដូច្នេះខាងក្រោម ជាមូលហេតុមួយចំនួន ដែលទោះបីជាអ្នកព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ ក៏អ្នកនៅតែមិនអាចសម្រកគីឡូបានល្អ។

១.ហាត់ប្រាណខុសក្បួនខ្នាត

ពេលខ្លះអ្នកបានទៅហាត់ប្រាណរាល់ថ្ងៃជាប្រចាំ ប៉ុន្តែគ្រប់ពេលដែលអ្នកកំពុងតែហាត់ប្រាណ តាមលំនាំក្បាច់នីមួយៗ អ្នកបែរជាមិនបានបំពេញឲ្យបានត្រឹមត្រូវទៅតាមចលនា និងលំដាប់លំដោយ អំឡុងពេលហាត់ប្រាណ។

២.មិនតមអាហារ

ការហាត់ប្រាណ ជួយអ្នកបានត្រឹម២០ភាគរយតែប៉ុណ្ណោះ ប៉ុន្តែការតមអាហារមិនបណ្តោយខ្លួនទៅញុាំ និងផឹកភេសជ្ជៈអ្វីផ្តេសផ្តាសឡើយ អំឡុងពេលហាត់ប្រាណចង់សម្រកគីឡូ។ ដូច្នេះអ្នកត្រូវ ដាក់ផែនការទទួលទានអាហារនិងភេសជ្ជៈឲ្យបានល្អ។

៣.កង្វះប្រូតេអុីន

អំឡុងពេលហាត់ប្រាណ អ្នកអាចនឹងមិនសូវទទួលទានអាហារ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ហេតុនេះ អ្នកត្រូវស្វែងរកអាហារប្រូតេអុីន ដែលមានលក្ខណៈជាម្សៅនិងមានផ្ទុកកាឡូរី តិចតួចតាមដែលអាចធ្វើទៅបាន។

៤.សម្លៀកបំពាក់មិនត្រឹមត្រូវ

សម្លៀកបំពាក់ហាត់ប្រាណ គឺពិតជារឿងដ៏សំខាន់សម្រាប់អ្នកហាត់ប្រាណគ្រប់រូប។ សម្លៀកបំពាក់ ហាត់ប្រាណបានបង្កើតនូវភាពងាយស្រួល អំឡុងពេលហាត់ប្រាណ និងជួយផ្តល់នូវអារម្មណ៍ល្អ សម្រាប់អ្នកហាត់ប្រាណថែមមួយកម្រិតទៀតផង។ ផ្ទុយទៅវិញប្រសិនបើយើងមិនមាននូវសម្លៀកបំពាក់ ត្រឹមត្រូវនោះទេ វានឹងធ្វើឲ្យអ្នកខ្វះនូវកម្លាំងចិត្តនិងអារម្មណ៍ល្អៗ ក្នុងការហាត់ប្រាណគ្រប់ពេលផងដែរ។

សរុបរួមមកវិញ កត្តាមួយចំនួនខាងលើនេះហើយ ដែលបានធ្វើឲ្យអ្នកហាត់ប្រាណមិនទទួលបាន លទ្ធផលគ្រប់ពេលដែលខ្លួនបានហាត់ប្រាណ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាកំពុងស្ថិតនៅក្នុង ស្ថានការណ៍បែបនេះ អ្នកគួរតែផ្លាស់ប្តូរនូវទម្លាប់មិនល្អរបស់ខ្លួនចេញទៅ នោះអ្នកអាចនឹង មើលឃើញលទ្ធផលល្អប្រសើរជាងនេះ៕