សប្តាហ៍មុនប្រិយមិត្តបានស្វែងយល់ពីអត្ថបទទី១ ទាក់ទងនឹងគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនដែលជាគោលគំនិតសំខាន់មួយក្នុងច្បាប់ការងារកម្ពុជា។ នាថ្ងៃនេះ ក្រមាប៉ុស្ត៍ក៏សូមលើកនូវគោលការណ៍សំខាន់ទី២សម្រាប់ប្រិយមិត្តបានស្វែងយល់ក្នុងវិស័យច្បាប់ការងារបន្ថែមដែលមានខ្លឹមសារដូចខាងក្រោម៖
២.គោលការណ៍នៃការអនុវត្តសិទ្ធិនិងកាតព្វកិច្ច
ក្រៅពីគោលការណ៍ដែលនាំឱ្យមានការកែប្រែលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន និងគោលការណ៍សេរីភាពនៃកិច្ចសន្យាខាងលើនៅមានគោលការណ៍ផ្សេងៗទៀតដែលមានឥទ្ធិពលលើការបង្កើតបទប្បញ្ញត្តិនៃច្បាប់ការងារ។គោលការណ៍ទាំងនេះគឺជាគោលការណ៍ដែលត្រូវបានយកមកប្រើប្រាស់ក្នុងពេលដែលភាគីនៃកិច្ចសន្យាការងារប្រើប្រាស់សិទ្ធិនិងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ហើយដែលគោលការណ៍ទាំងនោះនឹងត្រូវរៀបរាប់ដូចខាងក្រោម៖
ទី១ គោលការណ៍ហាមឃាត់ការប្រើប្រាស់សិទ្ធិដោយបំពានគឺជាគោលការណ៍ដែលកម្រិតព្រំដែននៃការប្រើប្រាស់សិទ្ធិរបស់ភាគីនៃកិច្ចសន្យាការងារកុំឱ្យបំពានដោយមិនត្រឹមត្រូវដល់សិទ្ធិ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។មាត្រា៤ (ការហាមឃាត់មិនឱ្យប្រើប្រាស់សិទ្ធិដោយបំពាន)ក្រមរដ្ឋប្បវេណីចែងថា ទោះបីជាសិទ្ធិក៏ដោយក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយបំពានឡើយ។ នៅក្នុងករណីដែលបានប្រើប្រាស់ដោយបំពានហួសពីទំហំនៃការការពារដែលត្រូវបានបញ្ញត្តិទុកមិនអាចស្គាល់អនុភាពនៃការប្រើប្រាស់សិទ្ធិនោះឡើយ។
នៅក្នុងទំនាក់ទំនងការងារថ្វីត្បិតតែនិយោជកមានសិទ្ធិក្នុងការគ្រប់គ្រងនិងដឹកនាំកម្មករនិយោជិត ឬសហគ្រាសរបស់ខ្លួនក៏ដោយក្នុងករណីដែលការប្រើប្រាស់សិទ្ធិនោះដោយមិនត្រឹមត្រូវ ហើយខ្វះមូលហេតុសមរម្យនោះគឺជាការបំពានលើសិទ្ធិដែលច្បាប់ហាមឃាត់។ ឧទាហរណ៍ ការផ្លាស់ប្តូរវេនការងារការកាត់បន្ថយប្រាក់ឈ្នួល និងការប្រើកម្មករនិយោជិតខុសពីជំនាញគឺជាការប្រើប្រាស់សិទ្ធិដោយបំពានរបស់និយោជកប្រសិនបើនិយោជកពុំមានហេតុផលសមស្រប និងបានអនុវត្តសិទ្ធិនេះដោយត្រឹមត្រូវទេនោះ។
ម្យ៉ាងទៀតពាក់ព័ន្ធនឹងគោលការណ៍ហាមឃាត់ការប្រើប្រាស់សិទ្ធិដោយបំពាននេះផងដែរនៅក្នុងទំនាក់ទំនងការងារថ្វីត្បិតតែភាគីមានសិទ្ធិក្នុងការជ្រើសរើសប្រភេទកិច្ចសន្យា ប៉ុន្តែត្រូវប្រើកិច្ចសន្យានេះឱ្យសមស្របនឹងទំនាក់ទំនងការងាររបស់ខ្លួន។ ពោលគឺកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ត្រូវប្រើសម្រាប់ទំនាក់ទំនងការងារដែលមានរយៈពេលខ្លីចំណែកឯកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ត្រូវប្រើសម្រាប់ទំនាក់ទំនងការងារដែលមានរយៈពេលយូរអង្វែង។ ដើម្បីជៀសវៀងនូវការប្រើប្រាស់សិទ្ធិដោយបំពានដោយភាគីនិយោជកក្នុងការប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់សម្រាប់ទំនាក់ទំនងការងារដែលមានថិរវេលាវែងច្បាប់ស្តីពីការងារបានបង្កើតយន្តការដែលបំលែងកិច្ចសន្យាការងារដែលមានថិរវេលាមានថិរវេលាកំណត់ទៅជាកិច្ចសន្យាការងារ ដែលមានថិរវេលាមិនកំណត់វិញប្រសិនបើទំនាក់ទំនងការងារមានរយៈពេលសរុបលើសពីរយៈពេលអតិបរមាកំណត់ដោយច្បាប់ស្តីពីការងារ។ ឧទាហរណ៍មាត្រា៦៧ (២) ច្បាប់ស្តីពីការងារចែងថាកិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានថិរវេលាពិតប្រាកដមិនអាចមានរយៈពេលលើសពី២ឆ្នាំបានឡើយ។ កិច្ចសន្យានេះអាចបន្តសារជាថ្មីម្តងឬច្រើនដងបានដរាបណាការបន្តសារជាថ្មីនោះមានថិរវេលាអិតបរមាមិនលើសពី២ឆ្នាំ។ ការអនុវត្តផ្ទុយនឹងវិធានខាងដើមនាំឱ្យកិច្ចសន្យាការងារនោះក្លាយជាកិច្ចស្យាដែលគ្មានកំណត់ថិរវេលាពិតប្រាកដ។
ទី២ គឺគោលការណ៍នៃភាពសុចរិតនិងភាពស្មោះត្រង់ដែលមានឥទ្ធិពលដល់ការប្រើប្រាស់សិទ្ធិនិងអនុវត្តកាតព្វកិច្ចនៅក្នុងកិច្ចសន្យាការងារ ឬទំនាក់ទំនងការងារ។គោលការណ៍នៃភាពសុចរិតនិងស្មោះត្រង់ត្រូវបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី។ មាត្រា៥ នៃក្រមរដ្ឋប្បវេណីចែងថាការប្រើប្រាស់សិទ្ធិនិងការអនុវត្តករណីយកិច្ចត្រូវធ្វើឡើងដោយសុចរិតផ្អែកតាមភាពស្មោះត្រង់។ ផ្អែកលើគោលការណ៍នៃភាពសុចរិតនិងស្មោះត្រង់នេះមាត្រា៦៦៦ នៃក្រមរដ្ឋប្បវេណីចែងថានិយោជកមានករណីយកិច្ចយកចិត្តទុកដាក់ដល់ការរក្សារូបកាយសុខភាពជាអាទ៍របស់កម្មករនិយោជិតពីគ្រោះថ្នាក់នៅទីកន្លែងដែលកម្មករនិយោជិតត្រូវធ្វើពលកម្មសិល្បៈការ្យ នៅក្នុងការធ្វើឧបករណ៍។ លើសពីនេះ មាត្រា៦៦៧នៃក្រមរដ្ឋប្បវេណីចែងថាបើគ្មានការយល់ព្រមពីកម្មករនិយោជិតទេនិយោជកពុំអាចធ្វើអនុប្បទានសិទ្ធិនោះទៅឱ្យតតិយជនបានឡើយ។ បើគ្មានការយល់ព្រមពីនិយោជកទេកម្មករនិយោជិតពុំអាចឱ្យតតិយជនធ្វើពលកម្មជំនួសខ្លួនបានឡើយ។
ទន្ទឹមនឹងបញ្ញត្តិខាងលើនៃក្រមរដ្ឋប្បវេណីដែលត្រូវបានបញ្ញត្តិឡើងផ្អែកតាមគោលការណ៍នៃសុចរិត និងស្មោះត្រង់ច្បាប់ស្តីពីការងារត្រង់មាត្រា៦៩ចែងថានៅក្នុងក្របខណ្ឌនៃកិច្ចសន្យាកម្មករនិយោជិតត្រូវបញ្ចេញគ្រប់សកម្មភាពវិជ្ជាជីវៈរបស់ខ្លួនដល់សហគ្រាស។ ជាអាទ៍កម្មករនិយោជិតត្រូវធ្វើការដែលគេជួលឱ្យធ្វើហើយអនុវត្តការនោះដោយខ្លួនឯងនិងដោយយកចិត្តទុកដាក់។ ប៉ុន្តែក្រៅពីម៉ោងធ្វើការកម្មករនិយោជិតនោះអាចធ្វើសកម្មភាពខាងវិជ្ជាជីវៈដែលមិនប្រណាំងប្រជែងនឹងសហគ្រាសដែលខ្លួនបម្រើ ឬធ្វើឱ្យខូចដំណើរការដែលបានព្រមព្រៀងគ្នាលើកលែងតែមានការព្រមព្រៀងផ្ទុយពីនេះ។
ទី៣ បទប្បញ្ញត្តិនៃច្បាប់ការងារត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍នៃការធានានូវសិទ្ធិក្នុងការជ្រើសរើសមុខរបររបស់កម្មករនិយោជិត។ យោងមាត្រា៣៦ នៃរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវការរបស់សង្គម។ ស្របនឹងគោលការណ៍នេះមាត្រា៧០ នៃច្បាប់ស្តីពីការងារកំណត់ថាត្រូវចាត់ជាមោឃៈដោយពេញច្បាប់នូវខណាមួយនៃកិច្ចសន្យាដែលហាមឃាត់កម្មករនិយោជិតមិនឱ្យធ្វើសកម្មភាពអ្វីមួយបន្ទាប់ពីកិច្ចសន្យាបានផុតរលត់។ បន្ថែមពីនេះទៀតមាត្រា១៥នៃច្បាប់ស្តីពីការងារបានចែងថាការងារដោយបង្ខំ ឬជាកាតព្វកិច្ចត្រូវហាមឃាត់ជាដាច់ខាតដោយអនុលោមតាមអនុសញ្ញាលេខ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ចអនុម័តនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ១៩៣០ដោយអង្គការការងារអន្តរជាតិហើយព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ១៩៦៩។
ទី៤ គឺគោលការណ៍ប្រាក់ឈ្នួលស្មើគ្នាចំពោះការងារដូចគ្នាដែលត្រូវបានយកជាគោលក្នុងការតាក់តែងបទបញ្ញត្តិនៃច្បាប់ការងារ។ មាត្រា៣៦ កថាខណ្ឌ២នៃរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ការងារមេផ្ទះ មានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ស្របនឹងគោលការណ៍នេះច្បាប់ស្តីពីការងារមាត្រា១០៦ដែលត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាមាត្រា៨ ចែងថាចំពោះការងារដែលមានលក្ខខណ្ឌស្មើគ្នាភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងផលដែលធ្វើបានស្មើគ្នាប្រាក់ឈ្នួលត្រូវឱ្យស្មើគ្នាដល់កម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះទោះបីមានដើមកំណើត ភេទ ឬអាយុយ៉ាងណាក៏ដោយ។
ទី៥ គោលការណ៍នៃការធានានូវសិទ្ធិរស់រានមានជីវិត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣២ចែងថាជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ មាត្រានេះបញ្ជាក់ឡើងវិញថាសិទ្ធិរស់រានមានជីវិតគឺជាសិទ្ធិដែលបានធានានិងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ ស្របនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក៏មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។ ឧទាហរណ៍មាត្រា ១០៤នៃច្បាប់ស្តីពីការងារដែលត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាមាត្រា៤ កំណត់ថាប្រាក់ឈ្នួលយ៉ាងហោចណាស់ក៏ត្រូវឱ្យស្មើនឹងប្រាក់ឈ្នួលអប្បបរមានិងត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យការងារ។ ផ្អែកលើគោលការណ៍នៃការធានានូវសិទ្ធិរស់រានមានជីវិតគោលការណ៍តុល្យភាពរវាងការងារ និងជីវិតឯកជនរបស់កម្មករនិយោជិតក៏ត្រូវបានបង្កើតឡើង។ ដើម្បីសម្រេចនូវគោលការណ៍នេះមាត្រា១៣៧ នៃច្បាប់ស្តីពីការងារកំណត់ថិរវេលាអតិបរមាធ្វើការពេញលេញនៃកម្មករនិយោជិតទាំងពីរភេទមិនត្រូវឱ្យលើសពី៨ម៉ោងក្នុងមួយថ្ងៃ ឬ៤៨ម៉ោងក្នុងមួយសប្តាហ៍ឡើយ។ មាត្រា៧៤នៃច្បាប់ដដែលតម្រូវឱ្យនិយោជកមានហេតុផលសមរម្យនៅពេលបញ្ឈប់កម្មករនិយោជិតរបស់ខ្លួនពីការងារ។ នៅមានបទប្បញ្ញត្តិផ្សេងៗទៀតដែលបានតាក់តែងឡើងក្នុងគោលដៅសម្រេចឱ្យបាននូវការធានាសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។
សម្រាប់គោលការណ៍សំខាន់ៗទាំងនេះគឺមានឥទ្ធិពលដល់ការបង្កើតកិច្ចសន្យា និងការអនុវត្តកិច្ចសន្យា ឬទំនាក់ទំនងការងារដែលការយល់ដឹងអំពីគោលការណ៍នេះមានសារសំខាន់ដល់អ្នកសិក្សាក្នុងការស្វែងយល់ការបកស្រាយនិងការអនុវត្តច្បាប់ស្តីពីការងារ៕
ប្រភព៖គោលការណ៍ទូទៅនៃច្បាប់ការងារដោយ បណ្ឌិត ណុប កញ្ញារិទ្ធិ