រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា សរុបទាំងអស់ចំនួន ១០១៤៧នាក់ គិតត្រឹមថ្ងៃទី០៣ និងរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ សរុប២៩នាក់ មកត្រឹមថ្ងៃទី០៥ ធ្នូនេះ។
ពី២៩ខែវិច្ឆិកា មកដល់ថ្ងៃទី ៣ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១០១៤៧នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ១៩ ចំនួនសរុប ២៩នាក់ ដោយឡែកនៅសល់វត្ថុសំណាកចំនួន ៥១សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២០។
សម្រាប់អ្នកជម្ងឺកូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ទាំង២៩នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងក៏បានអំពាវនាវ អ្នកដែលប៉ះពាល់ជាមួយព្រឹត្តិការណ៍២៨វិច្ឆិកា ទាំងអស់ឲ្យមកធ្វើតេស្ដជាលើកទី២ នៅថ្ងៃទី ៨ធ្នូ ២០២០ ជាបន្តទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន១០នាក់ ក្នុងនោះ ៦នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង៤នាក់ជាករណីនាំចូល ដែលមិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ទេ៕