ក្រុងសៀងហៃ ប្រទេសចិន ១២សីហា២០១៩៖ យ៉ាងហោចណាស់មនុស្ស ចំនួន៣៣ នាក់បានស្លាប់ និងមនុស្សជាច្រើននាក់នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីមានព្យុះបានបោកបក់មកនៅភាគខាងកើតប្រទេសចិន។ ព្យុះទីហ្វុង ឈ្មោះ ឡេគីម៉ា(Lekima) បានបោកបក់តាមឆ្នេរភាគខាងត្បូងទីក្រុងស៊ាងហៃ កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឱ្យផ្ទះរាប់រយខ្នងត្រូវដួលរលំ។
ឡេគីម៉ា គឺជាព្យុះទី៩ ដែលវាយប្រហារមកលើ ប្រទេសចិននៅឆ្នាំនេះ។ ជើងហោះហើរជាច្រើន ត្រូវបានលុបចោល ហើយរថភ្លើងល្បឿនលឿនរវាងសៀងហៃ និងទីក្រុងដទៃទៀតក៏ត្រូវផ្អាកដំណើរការបណ្ដោះអាសន្នផងដែរ។
ប្រជាជនជាងមួយលាននាក់ ត្រូវបានជម្លៀសចេញពីឆ្នេរសមុទ្រចិនមុនពេលមានព្យុះមកដល់ ហើយក្រុមជួយសង្គ្រោះជិត ៤ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាជន។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានរាយការណ៍ ពីការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ពីព្យុះទីហ្វុងនេះរហូត ដល់ ២,១ ពាន់លានដុល្លារ៕ស៊ីនហួ