បាងកក៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានទទួលជួបប្រតិភូយុវពាណិជ្ជករថៃ ដឹកនាំដោយលោក ឆូវ៉ាណុន ក្លុងព្រីមឆីត (Chowanond Klungpremchit) អគ្គនាយកក្រុមហ៊ុន MITSUI និងជាសមាជិកទី១ នៃវិទ្យាស្ថានប្រឹក្សាយោបល់សម្រាប់ពាណិជ្ជកម្ម និងវិនិយោគ នៃសភាពាណិជ្ជកម្មថៃ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ នេះបើតាមការឲ្យដឹង ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថ្ងៃ នៅថ្ងៃទី២ ខែកក្កដានេះ។
លោកឯកអគ្គរាជទូតកម្ពុជា បានជម្រាបជូនលោក ឆូវ៉ាណុន ក្លុងព្រីមឆីត អំពីកំណើនសេដ្ឋកិច្ចកម្ពុជា កំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ សក្តានុពលតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតសម្រាប់គម្រោងថៃបូកមួយ និងវិស័យសំខាន់ដែលធុរជនថៃ អាចទាញយកប្រាក់ចំណេញខ្ពស់ពីការវិនិយោគ។
លោក ឆូវ៉ាណុន ក្លុងព្រីមឆីត បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូតកម្ពុជា ដែលបានចែករំលែកនូវព័ត៌មានល្អៗអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា និងបានសន្យាដឹកនាំប្រតិភូយុវពាណិជ្ជករថៃ ទៅទស្សនាកម្ពុជានាពេលខាងមុខ ដើម្បីស្វែងរកឱកាសចាប់ដៃគូធុរកិច្ច ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា៕