រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ មីនានេះ បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្រ្តីបានចាក់វ៉ាក់សាំង Astra Zeneca រួចមក សម្ដេចក៏បានថ្លែងសារពីការចាក់វ៉ាក់សាំង Astra Zeneca ជូនប្រជាពលរដ្ឋទូទៅ ដែលមានវ័យចាប់ពី ៦០ឆ្នាំ។ ការចាក់ជូនប្រជាពលរដ្ឋនេះ ផ្ដល់អាទិភាព ក្នុងដំណាក់កាលដំបូង សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ជាការប្រញាប់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

ដោយឡែក អ្នកដែលមានអាយុក្រោម៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំង Sinopharm ដែលជាវ៉ាក់សាំងជំនួយរបស់ចិន ផ្ដល់មកកម្ពុជាមុនដំបូងគេបង្អស់ ហើយកំពុងបន្ដចាក់ជូនមន្ដ្រីអាទិភាព។  សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរក្សាទុកវ៉ាក់សាំងស៊ីណូហ្វាម មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង Astra Zeneca មានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ នឹងហួសពេលកំណត់។

សម្ដេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astra Zeneca ជូនដល់មន្ដ្រីទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិលដែលកំពុងបម្រើការងារនៅប្រទេសកម្ពុជាផងដែរ  ដោយមិនបែងចែកអាយុនោះទេ ដោយអាចមានជម្រើសក្នុងការចាក់វ៉ាក់សាំងណាមួយ។ 

បន្ថែមពីនេះ សម្ដេចក៏ស្នើពិនិត្យឲ្យចាក់វ៉ាក់សាំងជូនជនបរទេសផ្សេងទៀតដូចគ្នាដែរ ដើម្បីទទួលបានអាទិភាព ដោយមិនគិតថ្លៃដូចពលរដ្ឋខ្មែរ៕