ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង បានចេញសេចក្ដីសម្រេច ដាក់វិធានការរដ្ឋបាលជាថ្មី​ ដោយការផ្អាកដំណើរការចំពោះអាជីវកម្មមួយចំនួន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ និងការជួបជុំមនុស្សមិនឲ្យលើសពី១៥នាក់ រយៈពេល១៤ថ្ងៃបន្តទៀត​ដែលនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃ ៣មិថុនា​ តទៅ។

ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

  • សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
  • អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
  • អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង។