ខេត្តក្រចេះ៖ រថយន្ដមួយគ្រឿងបានបើកបរយ៉ាងលឿន ហើយអ្នកបើកបររវល់តែនិយាយទូរស័ព្ទ ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើងចាក់ដំឡូងមី និងកម្មករចោល ដេករដូករណែលពេញដី បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលចំនួនចំនួន២៧នាក់ កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។
មន្រ្ដីនគរបាលចរាចរស្រុកស្នួល បានឲ្យដឹងថា រថយន្តដឹកដំឡូងមីដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-2229 បើកបរដោយឈ្មោះ សល់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុងភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យកម្មករចំនួន២៧នាក់រងរបួស ក្នុងនោះ៥នាក់បានរងរបួសធ្ងន់។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកដំឡូងមីខាងលើបានដឹកកម្មករជាង២០នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបររវល់លើកទូរស័ព្ទនិយាយចុះឡើង ទើបធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យកម្មករចំនួន២៧នាក់រងរបួសធ្ងន និងស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងដឹកអ្នករងរបួស បញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ដោយឡែករថយន្ដបង្កដែលរងនូវការខូចខាតស្ទើរទាំងស្រុង ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕