រាជធានីភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ -១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ ទំនង និងករណីរត់គេចមិន ព្រមធ្វើចត្តាឡីស័កជាដើម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា។

បន្ថែមពីលើទីតាំងពាក់ព័ន្ធ មិនសហការចំពោះកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពនាថ្ងៃទី ២២កុម្ភៈ ឲ្យមានការវិធានការ៣ចំណុច ចំពោះបុគ្គលនិងទីតាំងដែលមិនសហការ៖

  • ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី
  • ចំពោះជនជាតិខ្មែរ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែលមាន 
  • សម្រាប់ម្ចាស់ទីតាំង នឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សូមបញ្ជាក់ថា សំណើចាត់ វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕