នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានសម្រេចចិត្តដាក់ លិខិតលាលែងពីមុខតំណែង ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីគណបក្សជាដៃគូដ៏សំខាន់មួយ បានចាកចេញពីក្រុម ចំរុះនយោបាយរបស់លោកដោយសារបញ្ហាជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC ។
លោក Michel មានអាយុ៤២ឆ្នាំ ដែលបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីប៊ែលហ្សិកវ័យក្មេងបំផុត ចាប់តាំងពីឆ្នាំ១៨៤១មក កាលពីខែតុលា ឆ្នាំ២០១៤ ។
លោក បានបាត់បង់ការគំាទ្រ ពីគណបក្សជាតិនិយម( New Flemish Alliance) ដោយសារតែលោក គំាទ្រលើកិច្ចព្រមព្រៀង UN ស្ដីពីជនអន្តោប្រវេសន៍ ដែលត្រូវបានចុះហត្ថលេខាក្នុងទីក្រុង Marrakech កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏បានបង្កឱ្យប្រជាជនប៊ែលហ្សិក មួយចំនួនផ្ទុះកំហឹងផងដែរ រហូតដល់នាំគា្នធ្វើបាតុកម្មតវ៉ាអស់រយៈពេល ជាច្រើនសប្ដាហ៍។
គួរបញ្ជាក់ថា លោក Charles Michel បានប្រាប់ព្រះមហាក្សត្រ Philippe ពីការសម្រេចចិត្ត លាលែងចេញពីតំណែងរបស់ លោកហើយ។ ប៉ុន្តែព្រះមហាក្សត្រមិនទាន់ប្រកាសថា ទ្រង់ទទួលយកការលាលែងពីតំណែងនេះ ឬយ៉ាងនោះទេ។ ៕
