រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការយកចិត្តទុកដាក់លើការរៀបចំកំណែទម្រង់ច្បាប់ គោលនយោបាយ និងការបង្កើននូវចំនួនអាសនៈ ដែលអាចផ្ដល់ឱកាសដល់បងប្អូនឥស្លាម ក្លាយជាអភិបាលរងខេត្ត ស្រុក ក្រុង ខណ្ឌ សម្រាប់បណ្ដាខេត្ត ដែលមានបងប្អូនឥស្លាមរស់នៅច្រើន ដើម្បីជាផ្នែកមួយនៃសុខដុមនីយកម្ម ក្នុងចំណោមជាតិសាន៍ខ្មែរ។
ការថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រសាសន៍សម្ដេចតេជោ៖ ខ្ញុំស្នើឱ្យបណ្ដាខេត្តដែលមានបងប្អូនឥស្លាមរស់នៅ យកចិត្តទុកដាក់រៀបចំ ដើម្បីឱ្យមានហោចណាស់អភិបាលរងមួយនាក់ជាជនជាតិឥស្លាម នៅក្នុងខេត្តដែលមានប្រជាជនច្រើន ហើយបើអាចធ្វើទៅបាន បើមានសមត្ថភាពថែមទៀតនោះ គឺធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន។
សម្ដេចតេជោ បន្ថែមថា៖ យើងធ្វើបែបនេះគឺងាយស្រួល ឧទាហរណ៍ថា បញ្ហាកើតឡើងក្នុងតំបន់ឥស្លាមរស់នៅ អ្នកដែលធ្វើការងារសម្របសម្រួលនៅទីនោះគឺឥស្លាមនោះឯង ដែលចាំបាច់ត្រូវចេញមុខមុនគេធ្វើការដោះស្រាយអំពីបញ្ហានេះ។
សម្ដេចតេជោថ្លែងបន្ដថា នេះមិនមែនជាកូតាទេ តែជាបញ្ហាទាក់ទិនជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើការងារ។ សម្ដេចតេជោ ក៏បានជម្រុញចំពោះនិស្សិត ក៏ដូចជាមន្ត្រី ដែលជាជនជាតិឥស្លាម ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព រីឯការសម្រេចតែងតាំង គឺមិនត្រូវចេះតែដាក់ឲ្យពេញកៅអីនោះទេ ដោយត្រូវពិនិត្យពីសមត្ថភាពពិតប្រាកដ។
សូមជម្រាបជូនដែរថា កន្លងមករាជរដ្ឋាភិបាល បានណែនាំឲ្យមានការតែងតាំងផ្សេងៗ នៅតាមបណ្ដាខេត្តដែលមានជនជាតិភាគតិចច្រើន ដូចជានៅរតនគិរី កោះកុងជាដើម ដោយឡែកក្នុងជួររាជរដ្ឋាភិបាល ក៏មានការតែងតាំងបងប្អូនខ្មែរឥស្លាម ជាថ្នាក់ដឹកនាំ ជាទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាច្រើនផងដែរ៕