សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ជាបណ្ដោះអាសន្ននៅទូទាំងប្រទេស ចាប់ថ្ងៃ១ ខែមេសា ឆ្នាំ២០២០។ នេះបើតាមប្រសាសន៍របស់ សម្ដេច ដែលបានលើកឡើង នៅក្នុងសន្និសិទ្ធសារពត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២០នេះ ។
រដ្ឋាភិបាលមិនអាចបិទនៅថ្ងៃទី៣០និងថ្ងៃទី៣១ ខែមីនានេះ បានទេ ដោយទុករយៈពេល២ថ្ងៃនេះឲ្យម្ចាស់កាស៊ីណូ ដោះស្រាយប្រាក់ខែជាមួយ បុគ្គលិក។
សម្តេចតេជោបានបន្ថែមថាកាស៊ីណូទាំងអស់ មិនថានៅទីក្រុងភ្នំពេញ និង នៅតាមបណ្តាខេត្តជាយដែននោះទេគឺកាស៊ីណូទាំងអស់នឹងត្រូវបិទចាប់ពីម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០តទៅ។
ការបិទនេះ ជាវិធានការបន្ថែមមួយទៀត របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩៕
