បរិបទការងារថ្មីដោយធ្វើការតម្រូវឱ្យនៅផ្ទះច្រើន ព្រោះការរាតត្បាតពីវីរុសកូវីដ និងត្រូវប្រើមធ្យោបាយបច្ចេកវិទ្យាសម្រួលការងារ។ តែយ៉ាងណាក៏មានបញ្ហាទាក់ទងមួយកើតឡើងផងដែរនោះគឺ ធ្វើការងារនៅផ្ទះក៏បែរជារវល់ច្រើនស្ទើរតែគ្មានពេលសម្រួលឥរិយាបថ ឈរពត់ខ្លួនឱ្យស្វាងពីកិច្ចការខ្លះមិនបាន។ បញ្ហាដែលលើកឡើងនេះត្រូវបានអ្នកជំនាញផ្នែកការងារមួយរូប បានចែករំលែកជាចំណុចគន្លឹះដោះស្រាយបញ្ហារវល់គ្មានពេលសម្រាកដូចខាងក្រោម៖
១.កំណត់"ម៉ោងការងារ"
ចំណុចនេះគឺបានសម្តៅថា បើអ្នកចង់បានពេលសម្រាកខ្លះក៏គួរលៃលកបង្កើតម៉ោងពេលប្រាកដប្រជាមួយនៃពេលដែលអ្នកត្រូវធ្វើការ និងពេលណាដែលអ្នកមិនត្រូវធ្វើការ។ ធ្វើបែបនេះ គឺដើម្បីបង្ការថាអ្នកមិនយកម៉ោងធ្វើការទៅមើលYoutube លេងហ្គេម អានប្រលោមលោក ហើយទៅយកពេលត្រូវសម្រាកភ្នែក អង្គុយសមាធិ ទៅបើកLaptop ធ្វើការវិញ។
ទោះបីកាលៈទេសៈខ្លះអ្នកត្រូវបត់បែន(Flexible) តាមភាពសំខាន់និងបន្ទាន់នៃការងារដែលនេះជារឿងមួយ។ ប៉ុន្តែជាមួយគ្នានេះសម្រាប់ការងារមិនបន្ទាន់បង្ខំ ការចេះកំណត់បែងចែកពេលច្បាស់នឹងជួយសម្រួលបញ្ហាដល់អ្នក។ពិសេសទទួលស្គាល់ថាទោះចប់ម៉ោងការងារសារ Telegram សារGroupMessenger ការងារនៅតែលោតប៉ុន្តែកិច្ចការដែលបន្តទៅថ្ងៃស្អែកបានក៏ត្រូវតែគោរពម៉ោងពេលដែលអ្នកបានកំណត់បើពុំនោះទេ ការងារឡូកលំអ្នកនឹងមានអារម្មណ៍ថាហត់ពេញមួយថ្ងៃ។
២.បង្កើតទម្លាប់វិន័យលើការបញ្ចប់កិច្ចការងារ
បន្ថែមពីការកំណត់ម៉ោងពេលការងារអ្នកក៏អាចបង្កើតចេញទម្លាប់មួយសម្រាប់វិន័យការងារផងដែរនោះគឺ ទម្លាប់បិទបញ្ជីកិច្ចការដោយការឱ្យសញ្ញាវិន័យទៅខួរក្បាល។ ចំនុចនេះ មានន័យថានៅគ្រប់ពេលចុងម៉ោងការងារអ្នកអាចយកពេលនោះទៅពិនិត្យមើលចំណែកការងារណាដែលនៅសល់ ហើយអាចលៃពេលទុកធ្វើថ្ងៃបន្ទាប់ និងកិច្ចការងារណាខ្លះត្រូវដោះស្រាយក្នុងពេលកំណត់មួយ។ អ្នកអាចបង្កើតឃ្លាសម្រាប់ខ្លួនឯងថា"បេសសកម្មបានជោគជ័យ"នៅរាល់ពេលចុចប៊ូតុងShutdown ធ្វើដូចនេះអ្នកនឹងមិនរវើរវាយខ្វល់ខ្វាយខ្លាំងទៅលើកិច្ចការងារដែលបានសម្រេចថាបានបិទបញ្ជីហើយព្រោះថាមុនពេលបិទកុំព្យូទ័រគឺតែងរំលឹកថា អ្នកបានClearការងារអស់ហើយ។ ដូចនេះ អ្នកនឹងសល់ពេលវេលាឯកជនសម្រាប់ខ្លួនឯងនិងមិនសូវនឿយណាយ។
៣.លទ្ធភាពអាចប្តូរឧបករណ៍តាមបែងចែកឬការប្តូរModes
ចំណុចនេះសម្តៅទៅលើឧបករណ៍ ឬសម្ភារៈមួយណាសម្រាប់ការងារ និងមួយណាមិនសម្រាប់ការងារសម្រាប់តែទិន្នន័យផ្ទាល់ខ្លួនគ្រួសារ ឬការកម្សាន្ត។ តាមវិធីដូចរៀបរាប់អ្នកនឹងមិនរញ៉េរញ៉ៃលើមួយណាផ្តោតលើម៉ោងការងារនិងមួយណាសម្រាប់គ្រួសារ។ ក្នុងករណីដែល មិនមានលទ្ធភាពអ្នកក៏អាចប្រើតាមរយៈModesឧទាហរណ៍កុំព្យូទ័រមួយគ្រឿងអាចប្តូរគណនីLog in មួយការងារនិងមួយទៀតគឺផ្ទាល់ខ្លួន។ បែបនេះ ក៏អាចជួយអ្នកបែងចែកច្បាស់រវាងការងារ និងជីវិត។
៤.ចេញក្រៅ
ស្តាប់មើលទៅហាក់ចម្លែកប៉ុន្តែការស្រាវជា្រវជាច្រើនបន្តបន្ទាប់លទ្ធផលនៅតែបង្ហាញថាអ្នកធ្វើការក្រោយពេលបានចេញក្រៅ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬផ្សារភ្ជាប់នឹងទីកន្លែងធម្មជាតិខ្លះដូចជាសួនធម្មជាតិបឹងបួរ សមុទ្រ កន្លែងមានដើមឈើឬរុក្ខជាតិ ដែលវិទ្យាសាស្រ្តបង្ហាញថាមានឥទ្ធិពលជួយឱ្យអារម្មណ៍និងចិត្តអ្នកបានសម្រាក។ ហើយអ្នកក៏នៅតែត្រលប់ទៅបំពេញការងារដោយភាពស្រស់ថ្លា និងគុណភាពជាងមុនទៀតផង។ មានពេលសម្រាកខ្លះអ្នកអាចដើរលំហែនៅធ្លាក្បែរផ្ទះ ឬដើរជិត ឬក្បែរៗធម្មជាតិអារម្មណ៍នឹងបានរីករាយបានសម្រាកពីការងារ និងអារម្មណ៍បានប្រសើរឡើងវិញ៕