Image

នៅក្នុងវគ្គបណ្តុះបណ្តាលជាសាធារណៈតាមរយៈប្រព័ន្ធអនឡាញក្រោមប្រធានបទស្តីពី“ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ” នៃវគ្គទី១ ស្តីពីពុទ្ធិនៃអ្នកដឹកនាំសតវត្សទី២១ លោក ពឹង គិមឆេន ជាគ្រូឧទ្ទេស ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកជាចំណុចបី ជាចំណុចសំខាន់ៗ ក្នុងភាពជាអ្នកដឹកនាំ។ បីចំណុចជាលក្ខណៈសម្បត្តិអ្នកដឹកនាំដែលមិនអាចមើលរំលងបាននោះ ពីអតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាបរូបនេះ បានបង្ហាញជាសង្ខេបដូចខាងក្រោម៖

. សមត្ថភាព

ចំណុចនេះគឺសម្តៅទៅលើសមត្ថភាពខ្ពង់ខ្ពស់ដែលក្នុងនាមជាអ្នកដឹកនាំមួយរូបគួរតែមាន។ សមត្ថភាពនេះគឺសម្តៅទៅលើ សមត្ថភាពលើចំណេះដឹងទូទៅចំណេះជំនាញអាជីពច្បាស់លាស់នៅក្នុងកិច្ចការ ឬវិស័យដែលខ្លួនបំពេញចំណេះដឹងផ្នែកចិត្តវិទ្យា ក៏ដូចជាចំណេះដឹងបច្ចេកវិទ្យាថ្មីៗ(ឌីជីថល) នៅក្នុងសតវត្សទី២១នេះដែលមិនអាចខ្វះបាន។

. ឥរិយាបថថ្នៃថ្នូរ

ជាមនុស្សពិត ជាមេដឹកនាំឥរិយាបថរស់នៅប្រចាំថ្ងៃ គឺជាធាតុសំខាន់មួយ។ ចំណុចនេះ ដែលសម្តៅទៅដល់ចំណុចខ្លឹមសំខាន់បីទៀត គឺសុជីវធម៌ សីលធម៌ និងគុណធម៌។ សុជីវធម៌ ដែលសម្តៅទៅលើ ការរស់នៅដោយល្អពោលគឺដោយចំណេះ សណ្តាប់ធ្នាប់ និងការដឹងប្រមាណ គួរសមនៅក្នុងការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ សីលធម៌ ដែលសម្តៅទៅលើ ការប្រព្រឹត្តត្រូវទៅតាមសីលប្រាំ ដែលគេហៅថាជាមនុស្សមានសីលធម៌។និងចុងក្រោយគឺ គុណធម៌ ដែលសម្តៅទៅអំពើកើតមានប្រយោជន៍ មានតម្លៃ។

.សុខភាពល្អ

ប្រាកដណាស់ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចមើលរំលងបានហើយពិសេសទៅទៀតនោះនៅក្នុងភាពជាអ្នកដឹកនាំ ក៏កាន់តែមិនអាចខ្វះបាន។ អតីតនាយកសាលាវត្តបូព៌ដែលគេល្បីឈ្មោះក្រោមការដឹកនាំរបស់លោក បានលើកឡើងជាឧទាហរណ៍ថា បើទោះបីជាមានសមត្ថភាពខ្ពស់ឥរិយាបថថ្នៃថ្នូរ ក៏ពិតមែន ប៉ុន្តែបើពុំមានសុខភាពល្អប្រសើរទេនោះ ក៏មិនអាចដឹកនាំបានដោយមានប្រសិទ្ធិភាពពោលគឺអ្នកក្រោមបង្គាប់ក៏មើលបំណាំ មិនសូវអនុវត្តតាម…។ 

ដូច្នេះជាមេដឹកមួយរូប ត្រូវចេះមើលថែសុខរក្សាខ្លួនបានល្អ ដោយមានចំណុចតូចៗសំខាន់ដូចជាការហាត់ប្រាណ អនាម័យ បរិស្ថានជុំវិញ អារម្មណ៍ និងចំណីអាហារប្រចាំថ្ងៃ។ ដូចនេះសុខភាព គឺធាតុសំខាន់មួយ ដែលមិនគួរមើលរំលង។

សរុបមកវិញ បើខ្វះចំណុចណាមួយ ក្នុងចំណោមបីចំណុចខាងលើឧទាហរណ៍ មានតែសុខភាព ឥរិយាបថថ្នៃថ្នូរ ប៉ុន្តែខ្វះសមត្ថភាព ក៏មិនអាចអនុវត្តជាមេដឹកនាំពេញលក្ខណៈមួយរូបនោះទេ។ ដូចនេះចំណុចទាំងបីនេះ ដែលមិនគួរមើលរំលង ក្នុងនាមជាអ្នកដឹកនាំនៃសតវត្សទី២១៕