អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៧.១ ភាគរយ ក្នុងឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ របស់ធនាគារពិភពលោក។

(ភ្នំពេញ)៖  របាយការចុងក្រោយស្ដីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនេះនាំមុខដោយ ការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ ដែលមានត្រូវការកើនពី សហរដ្ឋអាមេរិកនិងអ៊ឺរ៉ុប។

ទោះជាមានកំណើនបែបនេះក្ដីរបាយការណ៍ បានបញ្ជាក់ពីហានិភ័យនានា នៅក្នុងវិស័យហិរញ្ញវត្ថុ នៅបន្តកើនឡើង និងហានិភ័យពីមជ្ឈដ្ឋានខាងក្រៅរួមមានសក្តានុពលនៃការ ដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនាំចេញសម្រាប់កម្ពុជា សង្គ្រាមពាណិជ្ជកម្មអាមេរិកចិនជាដើម។

លោកស្រី អ៊ឹងហ្គូណាដូប្រាចា​ ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា “កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួន លើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រកំណើនសេដ្ឋកិច្ចគ្រប់វិស័យ និងប្រកបដោយចីរភាព”។

លោកស្រីបន្តថា៖ “ការគៀងគរប្រាក់សន្សំក្នុងស្រុកឲ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្ដាប្រទេសសេដ្ឋកិច្ចល្អជាងគេ នៅអាស៊ីសម្រេចបាន”៕