ខណៈសមាហរណកម្មអាស៊ាន នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រដ្ឋលេខាធិការក្រសួងអបរ់យុវជននិងកីឡា លោក យក់ ង៉ុយ បានលើកឡើងនៅក្នុងសន្និបាតអប់រំ ប្រចាំឆ្នាំ របស់សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក FUSSAC កាលពីពេលថ្មីៗនេះ ថា ប្រទេសកម្ពុជាត្រូវការនិស្សិតដែលសិក្សាលើមុខជំនាញវិទ្យាសាស្រ្តពិត បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបរិបទសង្គម។
រដ្ឋលេខាធិការក្រសួងអប់រំបានលើកឡើងពីស្ថិតិចុងក្រោយនៃចំនួននិស្សិតដែលសិក្សាមុខវិជ្ជានានានៅក្នុងប្រទេសកម្ពុជាដោយក្នុងនោះ លោក បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃមុខវិជ្ជាវិទ្យាសាស្រ្តពិត ប៉ុន្តែជំនាញវិទ្យាសាស្រ្តពិតនេះ បែរជាមានចំនួននិស្សិតសិក្សាត្រឹមតែ ៥ % ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញថា និស្សិតភាគច្រើនដែលសិក្សាមុខជំនាញវិទ្យាសាស្រ្តពិតគឺជាបុរស ខណៈដែលនិស្សិតស្រីជាច្រើនជ្រើសរើសសិក្សាលើជំនាញធុរកិច្ច។ ចុះតើជំនាញអ្វីខ្លះដែលពុំសូវជាមាននិស្សិតស្រីច្រើនសិក្សា?
កញ្ញា ជួង ម៉ារី និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញគីមីជីវ ហើយបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសស៊ុយអ៊ែតរយៈពេលមួយឆ្នាំបាននិយាយថា មានមូលហេតុចំបងបីដែលធ្វើឲ្យកញ្ញាជ្រើសរើសសិក្សាមុខវិជ្ជាមួយនេះ។មូលហេតុទីមួយ គឺ ម៉ារី បានចាប់ចិត្តស្រលាញ់មុខវិជ្ជា តាំងពីថ្នាក់អនុវិទ្យាល័យពោលគឺ ថ្នាក់ទី ៧ មកម៉្លេះ ហើយដោយសារតែក្តីស្រលាញ់លើមុខវិជ្ជាមួយនេះទើបជម្រុញឲ្យម៉ារី តែងតែទទួលបានពិន្ទុល្អ រហូតធ្វើឲ្យទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសស៊ុយអ៊ែត។
មូលហេតុចំបងទីពីរ យុវតីសម្បុរស្រអែមស្រស់ រូបនេះ បញ្ជាក់ថាក៏ដោយសារតែមានការបង្ហាត់បង្រៀនល្អពីសំណាក់គ្រូដែលទទួលបន្ទុកមុខវិជ្ជាមួយនេះផងដែរ។ ចំណែកមូលហេតុទីបី នោះ គឺឱកាសការងារដែលនឹងហុចឲ្យបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញមួយនេះ។
មិនខុសគ្នាប៉ុន្មានពីយុវតី ម៉ារី យុវតីខៀវ ណាវីដែលបច្ចុប្បន្នជានិស្សិតឆ្នាំទីប្រាំ ជំនាញវិស្វកម្មធនធានទឹកបានលើកឡើងពីសុទិដ្ឋិនិយមថាការសិក្សាជំនាញនេះគឺជាជំនាញមួយដែលមានសក្តានុពលសម្រាប់ប្រទេសកម្ពុជា។ មានសក្តានុពល ដោយហេតុថាប្រទេសកម្ពុជា ជាប្រទេសមួយដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាចំបងហើយប្រភពទឹកគឺជាធនធានមួយដែលពុំអាចខ្វះបាន។
ណាវី បន្ថែមថា៖« ថ្វីត្បិតតែមុខវិជ្ជា មានការលំបាកមួយចំនួនដូចជាតម្រូវឲ្យចុះទៅតាមខេត្ត ហាលភ្លៀង ហាលខ្យល់ ក៏ខ្ញុំមិនដែលរាថយឡើយ ព្រោះថាមនុស្សប្រុសអាចធ្វើបាន ចឹងខ្ញុំក៏អាចធ្វើបានដូចគ្នា»។ កញ្ញា អះអាងថា កញ្ញាជាមនុស្សដែលមិនចូលចិត្តអង្គុយធ្វើការនៅក្នុងការិយាល័យនោះឡើយ។
យ៉ាងណាមិញ ទាំង កញ្ញា ណាវី និង ម៉ារីសុទ្ធតែបានបញ្ចេញនូវឆន្ទៈយ៉ាងមុតមាំរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមនៅពេលបញ្ចប់ការសិក្សារបស់ខ្លួន។ ជាក់ស្តែង កញ្ញា ជួង ម៉ារី បញ្ជាក់ថា កញ្ញានឹងប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ ឬ បរិភោគអាហារដែលមានសារធាតុគីមីពុលគឺជាបញ្ហាដ៏ធំមួយដែលពិភពលោក រួមទាំងកម្ពុជាកំពុងតែព្រួយបារម្ភ។ ដោយឡែក កញ្ញាណាវី វិញ អះអាងថា នឹងប្រើប្រាស់ចំណេះដឹងដែលខ្លួនមានទាំងអំបាលម៉ាន ក្នុងការចែករំលែកវិធីសាស្រ្តថ្មីៗដើម្បីជម្រុញឲ្យផលិតភាពកសិកម្មនៅកម្ពុជា កាន់តែប្រសើរ៕
អត្ថបទដោយ សរ ពិសី