សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ជាទូទៅមនុស្សស្រីពេញវ័យតែងតែមករដូវរៀងរាល់មួយខែម្ដង ដែលការមករដូវវាមានចន្លោះពេលចាប់ពី៣-៥ថ្ងៃតាមសុខភាពរបស់ស្ត្រី ហើយនៅក្នុងកំឡុងពេលនោះដែរ ស្ត្រីអាចមានការផ្លាស់ប្ដូរមួយចំនួនខាងផ្លូវអារម្មណ៍ ដោយឆាប់ខឹងឆេវឆាវ អន់ចិត្តមួម៉ៅ ធុញធប់ តានតឹងជាដើម។ រីឯបញ្ហាសុខភាពវិញ ស្ត្រីអាចមានការឈឺចាប់ ចុកពោះ ឈឺសន្លាក់សាច់ដុំផងដែរ។ ដែលការផ្លាស់ប្ដូរនេះអាចបណ្ដាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ ឬគ្មានជីវជាតិដល់រាងកាយ ឬការខ្វះអនាម័យជាដើម។ ទាំងនេះគឺជាគន្លឹះមួយចំនួន ដើម្បីជាជំនួយដល់ការយល់ដឹងរបស់ស្ត្រីនៅកំឡុងពេលមករដូវ ថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើនៅពេលមានរដូវ៖

ស្ត្រីគួរតែ៖

១.ទទួលទានបន្លែបៃតង ដែលមានដូចជាស្ពៃ សាឡាត់ ខាត់ណា ដោយនៅក្នុងបន្លែទាំងនេះមានផ្ទុកទៅដោយកាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម និងសារធាតុរ៉េ ដែលវាអាចជួយកាត់បន្ថយការឈឺចាប់ និងទប់ស្កាត់ការផ្លាស់ប្ដូរអារម្មណ៍។

២.ការទទួលទានអាស៊ីតអូមេហ្កា៣ ដែលមានផ្ទុកនៅក្នុងសាច់ត្រី ជាពិសេសត្រីសាល់ម៉ុន ឬមាននៅក្នុងគ្រាប់ធញ្ញជាតិ ដូចជាសណ្ដែកសៀង សណ្ដែកខៀវ គ្រាប់ល្ពៅជាដើម។ វាមានមុខងារជួយសម្រួលដល់ការកន្រ្ទាក់សាច់ដុំ បន្ថយការឈឺចាប់និង រក្សាអ័រម៉ូនមិនឱ្យបាត់បង់ ហើយម្យ៉ាងទៀតនៅក្នុងគ្រាប់ធញ្ញជាតិទាំងនោះវាសម្បូរទៅដោយជាតិកាកសរសៃ ដែលជួយកាត់បន្ថយការហើមផងដែរ។

៣.ការប្រើប្រាស់ទឹកក្ដៅដូចជា ងូតទឹកជាមួយទឹកក្ដៅឧណ្ហៗឬត្រាំទឹកក្ដៅ អាចជួយសម្រួលដល់ឈាមឱ្យរាវបានល្អ។ ការទទួលទានទឹកក្ដៅឧណ្ហៗដ៏អាចជួយកាត់បន្ថយការឈឺចាប់បានមួយកម្រិតដែរ។

៤.ការធ្វើលំហាត់ប្រាណស្រាលៗ ធ្វើឱ្យសារពាង្គកាយរបស់យើងបញ្ចេញអ័រម៉ូនអ៊ីរ៉ូភីន ដែលអាចធ្វើឱ្យរាងកាយមានភាពសកម្ម និងលំហូរឈាមនៅក្នុងខ្លួនបានត្រឹមត្រូវ។

៥.ធ្វើការផ្លាស់ប្ដូរសំឡីអនាម័យឱ្យបានញឹកញាប់ រៀងរាល់៤-៥ម៉ោងម្ដង ដើម្បីមានអនាម័យល្អចំពោះសុខភាពបន្តពូជ។

ស្ត្រីមិនគួរ៖

១.ទទួលទានប្រភេទអាហារផ្អាប់ ដែលវាធ្វើឱ្យពោះវៀនធំរបស់យើងមានបញ្ហា បង្កជាក្លិនមិនល្អ និងធ្វើឱ្យឈឺ ហើមពោះ ហើមស្បូនជាដើម។ ស្ត្រីក៏គួរតែជៀសវាងរាល់ការទទួលទានប្រភេទភេសជ្ជៈកំប៉ុង ដែលសម្បូរទៅដោយជាតិហ្គាស ដោយវាគ្មានផ្ទុកសារធាតុអ្វីជួយដល់រាងកាយយើងឡើយ ប៉ុន្តែវាផ្ទុកទៅដោយសារជាតិគីមី និងជាតិស្ករ ដែលស្រ្តីកំពុងមានរដូវមិនគួរទទួលទានឡើយ។

២.តមអាហារ នៅពេលមករដូវស្ត្រីនឹងមានការហេវហត់អស់កម្លាំងច្រើនជាងសព្វដង ប្រសិនបើត្រូវធ្វើការតមអាហារថែមទៀត រាងកាយរឹតតែស្លេកស្លាំង គ្មានកម្លាំងកំហែងឡើយ។

៣.ប្រើផលិតផលផ្ដល់ក្លិន ការប្រើផលិតផលផ្ដល់ក្លិនអាចរឹតតែបង្ករោគនៅទ្វារមាស ធ្វើឱ្យរមាស់ ធុំក្លិនមិនល្អ ធ្លាក់សជាដើម។ ប៉ុន្តែស្ត្រីអាចជំនួសមកវិញដោយការលាងសម្អាត ជាមួយនឹងទឹកក្ដៅឧណ្ហៗ។

៤.រួមភេទកំឡុងពេលមករដូវ ដែលអាចធ្វើឱ្យស្ត្រីមានការប្រឈមខ្ពស់ជាមួយនឹង ជម្ងឺផ្សេងៗដូចជា មេរោគអេដស៍ ជម្ងឺមេរោគផ្សិតជាដើម។ ម្យ៉ាងវិញទៀតស្ត្រីក្នុងពេលមានរដូវ អាចមានការឈឺចុកចាប់ ដែលធ្វើឱ្យមានអារម្មណ៍មិនល្អ។

វដ្ដរដូវរបស់ស្ត្រីពិតជាមានសារៈសំខាន់ណាស់ ដែលស្រ្តីគ្រប់រូបត្រូវតែមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសុខភាពរបស់ខ្លួន។ ប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង គួរតែទៅជួបជាមួយគ្រូពេទ្យជំនាញរោគស្ត្រី ដើម្បីធ្វើការព្យាបាល និងតាមដានសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំផ្សេងៗ៕