ក្នុង Teamwork ជោគជ័យមួយតែងមានអ្នកដឹកនាំ ដែលអាចសម្របសម្រួលក្រុមការងារ ដឹកនាំសមាជិកក្នុងក្រុមដែលមានសមត្ថភាពរៀងៗខ្លួននោះទៅសម្រេចបានកិច្ចការធំៗជាច្រើន។ នៅក្នុងបទពិសោធមួយចំនួន គេបានលើកឡើងថាអ្នកដឹកនាំក្រុមប្រៀបដូចជាហ្មដំរី ហើយសមាជិកនីមួយៗចូលគ្នាប្រៀបដូចជាដំរី អ្នកទាំងពីរដែលត្រូវធ្វើការជាមួយគ្នា ទើបអាចទៅដល់គោលដៅបាន។
ដូច្នេះតិចនិកមួយចំនួនប្រដូចទៅហ្នឹងវិធីហ្មដំរីបង្ហាត់បង្ហាញទៅដល់សត្វដំរី ត្រូវបានគេពន្យល់បង្ហាញជាចំណុចៗដែលប្រើប្រាស់សម្រាប់ការជម្រុញទឹកចិត្តក្រុម Teamwork មួយ ឱ្យទទួលបានភាពរីកចម្រើនក្នុងផលិតភាពការងារដូចទៅហ្នឹងកិច្ចការហ្មដំរី និងសត្វដំរីដែរ៖
១. ជួយកំណត់គោលដៅតូចៗ
ការច្រៀកគោលដៅជាដំណាក់កាលតូចៗហើយអាចនឹងសម្រេចបាន នឹងជួយក្រុមការងារអ្នកទទួលបាននូវអារម្មណ៍ ដែលមានតម្លៃ អាចសម្រេចបានសមិទ្ធិផលព្រមទាំងរក្សាទឹកចិត្តពួកគេក្នុងការបំពេញកិច្ចការ។ ដូចនេះ ដើម្បីដាក់គោលដៅបានជោគជ័យហ្មដំរី ឬថ្នាក់ដឹកនាំក្រុមត្រូវដឹងពីចំណុចតូចៗសំខាន់ៗ ដែលអាចដំរីសម្រេចបានជាដំណាក់កាលៗ និងមានអត្ថន័យសម្រាប់ក្រុមការងារ ឬដំរីនោះឯង។
២. គ្រឿងលើកទឹកចិត្ត
ក្នុងការបញ្ចប់នូវកិច្ចការនីមួយៗ ហ្មដំរីក៏អាចមានចំណីចំណុកខ្លះដល់ដំរីរបស់ខ្លួនដូចគ្នានេះដែរនឹងអ្នកដឹកនាំក្រុម ក៏អាចមានរង្វាន់លើកទឹកចិត្តក្រុមការងារក្នុងការបំពេញគោលដៅរួមគ្នានេះ។ រង្វាន់លើកទឹកចិត្តនោះអាចជា ប្រាក់រង្វាន់បន្ថែមឬគ្រឿងលើកទឹកចិត្តផ្សេងៗ ដូចដែលលោកអ្នកអាចដឹងស្រាប់ វាជាកត្តាជម្រុញទឹកចិត្តសមាជិកក្រុមក្នុងការបំពេញការងារ។
៣. បង្កើតផ្លូវឬឱកាសសម្រាប់ការរីកចម្រើន
នៅក្នុងការបំពេញការងារ ការតាមដានភាពរីកចម្រើនគឺជារឿងសំខាន់ហើយក្នុងការតាមដាននោះអាចមានរឿងសំខាន់ពីរគឺ ការជម្រុញទឹកចិត្ត ឬមួយនឹងអាចក្លាយជាការបំបាក់ទឹកចិត្តក្រុមដូចនេះវាតម្រូវឱ្យអ្នកដឹកនាំក្រុម ឬជាហ្មដំរី ត្រូវតែឆ្លាតពីវិធីសាស្រ្តបង្ហាញណែនាំក្នុងន័យស្ថាបនាប ដល់សមាជិកក្រុមឬដំរីរបស់ខ្លួន។ នៅចំណុចនេះដើម្បីជាការលើកទឹកចិត្តក្រុមការងារវិញ បើទោះបីករណីភាពរីកចម្រើនរបស់ក្រុមអន់ថយជាងឆមាសមុន ខែមុន ឬឆ្នាំមុន គឺថ្នាក់ដឹកនាំគួរមានវិធីសាស្រ្តពន្យល់បង្ហាញ ពីកំហុសឆ្គងដែលកើតមាន និងពិភាក្សាពីវិធីសាស្រ្តដែលអាចកែលម្អទៅរួច។
ធ្វើបែបនេះ សមាជិកក្នុងក្រុមក៏ពុំបាក់ទឹកចិត្តដោយការប្រៀបធៀប ប៉ុន្តែពួកគេបានដឹង និងផ្តោតលើចំណុចអ្វីខ្លះដែលត្រូវកែលម្អទៅវិញដែលវាជាឱកាសនៃការរីកចម្រើន។
៤. បង្ការ ការពារក្រុមពីការរំខានផ្សេងៗ
ប្រាកដណាស់ ក្នុងជីវភាពការងារទូទៅ មិនអាចចៀសរួចទេពីការរំខានខ្លះៗដែលបណ្តាលឱ្យក្រុម ពេលខ្លះ ឃ្លាតឆ្ងាយពីគោលដៅរួមដោយមិនដឹងខ្លួន។ ដូចនេះ ថ្នាក់ដឹកនាំក្រុមអាចលៃលកវិធីសាស្រ្តមួយចំនួន ដើម្បីបង្ការ និងការពារក្រុមមិនឱ្យងាកចេញពីគោលដៅក្រុមការងារពេកពោលគឺ អាចមានពេលប្រជុំណែនាំជារឿយៗ ឬអាចកម្រិតពេលសមរម្យសម្រាប់ការងារដោយមិនឱ្យខ្ជះខ្ជាយពេលវេលាពេកក្នុងរឿងផ្សេងៗ។
៥. ជួយក្រុមការងារឱ្យយល់ពីគោលដៅ
ចំណុចសំខាន់ចុងក្រោយ ដែលរួមចំណែកប្រសិទ្ធិភាពនិងភាពរីកចម្រើនខ្លាំងរបស់ក្រុមការងារនោះគឺការយល់ពីគោលដៅរបស់ក្រុម។ អ្នកដឹកនាំដែលអាចបង្ហាញឱ្យសមាជិកក្រុមបានយល់ដឹងពីផ្លូវដែលត្រូវទៅ គោលដៅដែលត្រូវសម្រេចបាននិងសិទ្ធិសម្រេចផ្សេងៗក្នុងកិច្ចការដែលត្រូវធ្វើ ចំណុចសំខាន់បីនេះ នឹងធ្វើឱ្យក្រុមមានប្រសិទ្ធិភាព។អ្នកអាចស្រមៃមើល បើសមាជិកនីមួយៗបានយល់ច្បាស់ពីអ្វីដែលគេកំពុងធ្វើ និងមូលហេតុដែលពួកគេត្រូវបំពេញកិច្ចការនោះវិធីសាស្រ្តផ្សេងៗក្នុងការបង្កើនប្រសិទ្ធិភាពការងារក្រុម ក៏ដូចជាទឹកចិត្តសម្រាប់កិច្ចការងារនោះនឹងរីកចម្រើនទៅមុខទៅតាមនោះដែរ៕
ប្រិយមិត្តអាចស្វែងរកអានមេរៀនជាចំណុចសំខាន់ផ្សេងៗទៀតស្តីពី "ការងារជាក្រុម (Teamwork)" នៅក្រមាប៉ុស្ត៍..
ចុចអាន៖ មកមើលគន្លឹះខ្លះ ដែលជួយបង្កើនប្រសិទ្ធិភាពTeamworkមួយ នៅគ្រប់កន្លែងការងារ
ប្រភព៖ Fellow.app