ការរៀនសូត្រជាវិថីមួយវែងឆ្ងាយនិងត្រូវនៅជាប់ជីវិតជារៀងរហូត មិនថាអ្នកកើនអាយុប៉ុន្មាន ការរៀនសូត្រនៅតែអាចទទួលបានពីប្រភព និងមជ្ឈដ្ឋានផ្សេងៗ។ ជាមួយគ្នានេះ បទពិសោធពីមនុស្សជាច្រើនក្នុងការរៀនសូត្រតាមរបៀបផ្សេងៗគ្នាក៏បានចែករំលែកនៅក្នុងចំណុចសង្ខេបដូចខាងក្រោម៖
១. រៀនពីគ្រប់វិធី
ពិតមែន ក្នុងសម័យឌីជីថលអ្នកអាចរៀនពីគ្រប់ប្រភពសិក្សាជាច្រើន មិនថាតែសៀវភៅមួយមុខនោះទេ អ្នកក៏អាចស្តាប់ Podcast មើលវីដេអូឯកសារ ឬមួយការស្រាវជ្រាវ ឬមួយការចុះអនុវត្តផ្ទាល់ដោយមានអ្នកណែនាំអមជាមួយជាដើម។ ដូច្នេះ ត្រឡប់មកវិញ របៀបរៀនសូត្រមានច្រើនទម្រង់ ច្រើនសណ្ឋាន ដូចនេះអ្នកនៅតែអាចជ្រើសយកប្រភពណាមួយមករៀនសូត្រហើយអនុវត្តវាបន្តិចម្តងៗ។
២. រៀនអនុវត្ត ដោយការយល់ពីដំណើរការ
ចំណុចដែលមានប្រសិទ្ធិភាពជួយអ្នកបានឆាប់យល់នោះ គឺការអនុវត្តចំណេះដឹងដែលរៀន ទៅនឹងការរស់នៅប្រចាំថ្ងៃ។ ជាឧទាហរណ៍ អ្នករៀនភាសាបារាំង ឬអង់គ្លេស ទន្ទឹមនឹងការរៀនគ្រឹះមូលដ្ឋាន ពាក្យ ប្រយោគ អ្នកក៏គួរយកអ្វីដែលបានរៀនទៅអនុវត្តបណ្តើរ ដូចជាការរៀនអានឯកសារជាភាសាទាំងនោះ ការជួបនិយាយជាមួយជនជាតិដើមឬមួយការព្យាយាមស្តាប់ មើលភាពយន្តភាសាទាំងនោះ ហើយប្រើសមត្ថភាពយល់ ដែលអ្នកមាន។ មិនត្រឹមតែជួយអ្នកមិនឱ្យភ្លេច ហើយវាក៏បានផ្សារភ្ជាប់ក្នុងជីវិតរស់នៅពិតរបស់អ្នកផងដែរ ដែលអ្នកនឹងមិនងាយភ្លេចឡើយ ដូចកាំបិតដែលកាន់តែប្រើ និងមុតខ្លាំង។
៣. ចែករំលែក និងបង្រៀននូវអ្វីដែលអ្នកចេះដឹង
ការបង្រៀន ការចែករំលែកចំណេះដឹងតាមបទបង្ហាញឬមួយក៏ទម្រង់ផ្សេងៗ នឹងនាំឱ្យអ្នកបានយល់ដឹងស៊ីជម្រៅជាងមុនផងដែរ។ ចំណុចត្រង់ថាពេលអ្នកត្រូវបង្រៀន ឬចែករំលែក វានឹងនាំអ្នកឱ្យចេះ សំយោគចំណេះដឹងអ្នកឱ្យក្លាយជាទម្រង់សាមញ្ញមួយដើម្បីឱ្យអ្នកផ្សេងទៀតបានយល់ដឹងទន្ទឹមនឹងនោះ ការបង្រៀនក៏ជម្រុញឱ្យអ្នកស្វែងយល់បន្ថែមពីចំណេះដឹង ចេះត្រិះរិះគ្រប់ជ្រុងបញ្ហានិងបង្កើតឱ្យក្លាយជាទម្រង់មេរៀនមួយសម្រាប់អ្នកផ្សេងបានសិក្សា។ អ្នកអាចប្រើរបៀបនេះ បង្រៀនទៅដល់គ្រប់គ្នាមិនថាសមាជិកគ្រួសារ អ្នករួមការងារ។ ការប្រើសមត្ថភាពអ្នកទៅបង្ហាញ ឬបង្រៀនជាទម្រង់ងាយស្រួលយល់គឺបង្ហាញពីសមត្ថភាពយល់ដឹងរបស់អ្នក ហើយលទ្ធផលនឹងប្រាប់ពីសមត្ថភាពអ្នកផងដែរ។
៤. ចំណាយពេលស្វែងយល់ និងអនុវត្តទៅលើផ្នែកដែលលំបាក
ការអនុវត្តអ្វីដែលអ្នកចេះចាំស្ទាត់ជារឿងប្រសើរប៉ុន្តែក៏មានពេលវេលាមួយ អ្នកត្រូវចាប់ផ្តើមធ្វើរឿងលំបាកថ្មីមួយទៀតពោលគឺការហ្វឹកហាតធ្វើរឿងដែលលំបាកថ្មី ចំណុចដែលអ្នកពិបាកឱ្យក្លាយជារឿងងាយស្រួលសម្រាប់អ្នកវិញ។ ងាកចេញពីភាពសុខស្រួលហើយអនុវត្តអ្វីដែលលំបាកទៅតាមសមត្ថភាពដែលអ្នកមាន លទ្ធផលនឹងបង្ហាញពីកម្រិតអត់ធ្មត់ការព្យាយាមជម្នះឧបសគ្គរបស់អ្នកដើម្បីបានជំនាញថ្មីនោះ។
៥. ក៏មានពេលសម្រាកខ្លះ
នៅក្នុងការសិក្សាស៊ីជម្រៅទៅលើខួរក្បាលនៅក្នុងការរៀនសូត្រគេបានរកឃើញគំហើញមួយ គឺមុខងារអារម្មណ៍ផ្តោតលើអ្វីមួយ និងអារម្មណ៍បែកទូលំទូលាយ។តួនាទីពីរនេះគឺមានសារៈសំខាន់ដូចគ្នាក្នុងការរៀនសូត្រ។ តួនាទីផ្តោតអារម្មណ៍គឺមាននាទីសិក្សាស៊ីជម្រៅលើអ្វីមួយ នាំអ្នកសញ្ជឹងគិតតែលើអ្វីមួយម្យ៉ាង ដោយឡែកនាទីមួយទៀតដែលជាអារម្មណ៍បែកទូលំទូលាយ គឺច្រើនកើតមាននៅពេលអ្នកចេញទៅសម្រាកនៅខាងក្រៅបន្ទាប់អស់កម្លាំង ឬមួយពេលអ្នកងូតទឹកសម្រាកកាយ អារម្មណ៍នេះច្រើនកើតឡើង ដែលអ្នកមានគំនិតច្រើនហូរហែរហើយប្លែកៗទៀតផង។
ដូច្នេះ ការចេះឆ្លៀតឱ្យខួរក្បាលអ្នកបានសម្រាកខ្លះឬដកឃ្លាមួយពេលក្រោយពេលអារម្មណ៍ផ្តោតកើតមានយូរលើបញ្ហាអ្វីមួយនោះ អ្នកនឹងត្រឡប់មកវិញជាមួយគំនិតថ្មីៗច្នៃប្រឌិតបន្ថែម ដែលអ្នកអាចគិតគូរលើវិធីនេះបាន៕