សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទរហ័ស

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីទៀតចំនួន ៣៩ នាក់ទៀត (ក្នុងនោះមានភ្នំពេញ ២០នាក់ ព្រៃវែង ១៣នាក់ ខេត្តព្រះសីហនុ១ កណ្ដាល​៥នាក់)  ដែលសុទ្ធជាករណីឆ្លងសហគមន៍ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសហគមន៍ ២០កុម្ភៈ សរុបឡើងដល់ 751នាក់ តាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានអ្នកជាសះស្បើយចំនួន ៤នាក់ផងដែរ សរុបអ្នកកំពុងសម្រាកព្យាបាល៦៣៩នាក់។

សូមចងចាំថា​ វីរុសបម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

សូមបងប្អូនថែរក្សាសុខភាព​ និងមេីលកូនចៅឱ្យបានល្អ​ កុំឱ្យដេីរចេញក្រៅរហេតរហូត​ សម្រាប់មនុស្សពេញវ័យ​ បេីមិនមានការចាំបាច់ទេនោះ​ សូមនៅផ្ទះ​ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់​ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍តាមវិធានការនានា ៣កុំ ៣ការពារ និងវិធានការច្បាប់ ផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបន្តរីករាលដាលក្នុងគ្រួសារ សហគមន៍របស់អ្នក៕