រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម អ៉ិត សំហេង ៖ ឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាសចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ៨៥,៨៨៩ នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ

បើតាមឯកឧត្តម រដ្ឋមន្ត្រី ក្នុងរយៈពេលដូចគ្នានេះ ក៏មានរោងចក្រ សហគ្រាសចំនួន ១,១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១,២៥៧ នាក់ផងដែរ។

ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២.៣ លាននាក់ តាមរយៈវេទិកាការងារ សេវាទូរស័ព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារជាដើម៕