ឥទ្ធិពល​​ពី​ព្យុះ​ជា​បន្ត​បន្ទាប់​​មក​លើ​​​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ធ្វើ​ឱ្យតំបន់​​មួយ​ចំនួន​​​​នៅ​តាម​រាជ​ធានី​និង​ខេត្ត​មួយ​ចំនួនជន់​លិច​​ដោយ​សារ​ជំនន់​ទឹក។ វិធាន​ការ​ឆ្លើយ​តប​បន្ទាន់​​​ពី​ក្រសួង​និង​រដ្ឋបាល​អា​ជ្ញាធរ​​ក្នុង​មូល​ដ្ឋាន​ក៏​បាន​ចេញ​​ផ្សាយ​​សម្រាប់​​បង្ការនិង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។ ជា​មួយ​គ្នា​នេះ ចំណុច​​​រួម​មួយ​ចំនួន​ដែល​​ចេញ​ផ្សព្វផ្សាយ​ពី​ស្ថាប័ន​ជំនាញ​ទាក់​ទង​នឹង​គ្រោះ​មហន្តរាយ​​ធម្មជាតិទាំង​ជាតិ​ និង​អន្តរជាតិ​បាន​បង្ហាញ​ជា​ចំណុច​មួយ​ចំនួន​ដែល​យើង​អាច​ស្វែង​យល់ដើម្បី​​រក្សា​សុវត្ថិភាព​និង​បង្ការ​ខ្លួន​ពី​គ្រោះ​ធម្មជាតិ​ទឹក​​ជំនន់​នេះ​៖

***អំឡុង​ពេល​មាន​​ទឹក​ជំនន់

  • អ្នក​អាច​ ស្វែង​រក​​ជំនួយ​ពី​​​បង​ប្អូន ​ឬ​មិត្ត​ភក្តិ ដែល​ពួក​គេ​មាន​ទី​តាំង​ទី​ទួល​សុវត្ថិភាព​ ឆ្ងាយ​ពី​ជំនន់​ទឹក​ សម្រាប់​ការ​ស្នាក់​​នៅ​បណ្តោះ​អាសន្ន ​ជា​មួយ​គ្នា​នេះ អ្ន​ក​ក៏​គួរ​ប្រកាន់​ភ្ជាប់​អនាម័យ​ ដើម្បី​សុខភាព ព្រម​ទាំង​បង្ការ​ពី​ COVID-19 ផង​ដែរ។

  • អនុវត្ត​តាម​ការ​ជូន​ដំណឹង​​របស់​អាជ្ញាធរ ករណី​ទទួល​ដំណឹង​​ពី​​ការ​ជម្លៀស​ទៅ​កាន់​ទី​តាំង​សុវត្ថិភាព​។

  • ប្រសិន​បើ​អ្នក​ឈឺ ឬ​ត្រូវ​ការ​សេវា​​​សុខភាព គួរ​ទាក់​ទង​ទៅ​កាន់​ ស្ថាប័ន ឬ​មណ្ឌល​​សេវា​សុខភាព​ ដែល​នៅ​ជិត​អ្នក​បំផុត​ ដើម្បី​ទទួល​បាន​សេវា​​ភ្លាម​ៗ។

  • តាម​ដាន​ព័ត៌មាន​ពី​ ស្ថានភាព​ទឹក​ជំនន់​ជា​ប្រចាំ​។

  • កុំ​ព្យាយាម​​ដើរ​ ឬ​ឆ្លង​កាត់​តាម​ទី​តាំង​​ទឹក​ជំនន់ ដែល​អាជ្ញាធរ​បាន​ហាម​ប្រាម ឬ​ទី​តាំង​ទឹក​ជន់​ផ្សេង​ៗ​។

  • ព្យាយាម​នៅ​​ចៀស​ឆ្ងាយ​ពី​តំបន់​ទំនប់​ទឹក​​ ដែល​មាន​​លំហូរ​ទឹក​ខ្លាំង លឿន។

  • ករណី​ជាប់​នៅ​ក្នុង​ឡាន (ករណី​មួយ​ចំនួន) ដោយ​មាន​ទឹក​ជន់​​ជុំ​វិញ ព្យាយាម​រក​ច្រក​ចេញ​ ឬ​ផ្លូវ​ចេញ​ពី​ឡាន​ភ្លាម​ៗ ដើម្បី​សុវត្ថិភាព​ខ្លួន​។

  • ករណី​ជាប់​នៅ​ក្នុង​អគារ​ (ករណី​មួយ​ចំនួន) ដោយ​មាន​ទឹក​​ជន់​ជុំ​វិញ​ ព្យាយាម​រក​​ផ្លូវ​ទៅ​​កាន់​ផ្នែក​ខាង​លើ​នៃ​អគារ ឬ​ដំបូល​អគារ និង​ធ្វើ​សញ្ញា​ដើម្បី​រក​ជំនួយ សង្គ្រោះ​។

***ក្រោយ​ពេល​ទឹក​ជំនន់

  • បន្ត​តាម​ដាន​ស្ថាន​ការណ៍​ព័ត៌មាន​ពី​​អាកាស​ធាតុ និង​ទឹក​ជំនន់​ និង​​ត្រឡប់​ទៅ​កាន់​​គេហដ្ឋាន​វិញ លុះ​ណា​តែ មាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​​មូលដ្ឋាន​ អំពី​សុវត្ថិភាព​​ក្រោយ​ទឹក​ជំនន់។

  • ប្រុង​ប្រយ័ត្ន​​នូវ​ ពពួក​សត្វ​ពស់ ឬ​អាសិរពិស​ផ្សេង​ៗ នៅ​ក្នុង​ផ្ទះ ក្រោយ​ស្ថានការណ៍​ទឹក​ជន់។ ប្រើ​ប្រាស់​នូវ​ស្រោម​ដៃ សំលៀក​បំពាក់​ជិត​ៗ ឬ​ស្បែក​ជើង​ក្រាស់​ការពារ​ អំឡុង​ពេល​សម្អាត​ផ្ទះ ក្រោយ​ទឹក​ជំនន់។

  • ប្រុង​ប្រយ័ត្ន​ជា​និច្ច​នូវ​ប្រព័ន្ធ​អគ្គិសនី​ក្រោយ​ពេល​ទឹក​ជំនន់ បិទ​រាល់​ប្រព័ន្ធ​អគ្គិស​នី​ក្នុង​ផ្ទះ​ នៅ​ពេល​សម្អាត​ ករណី​មាន​បញ្ហា គួរ​មាន​ជាង​ជំនាញ​ទៅ​ជួស​ជុល​។

  • កុំ​ប្រើ​ប្រាស់ ឬ​បរិភោគ​ចំណី​អាហារ​ដែល​​​បាន​ប៉ះ​ពាល់​នឹង​ទឹក​ជន់ ដើម្បី​បង្ការ​សុខភាព​ពី​ជំងឺ​ផ្សេង​ៗ

  • ព្យាយាមជួយគ្នាទៅវិញទៅមក នៅពេលមាននរណាម្នាក់ត្រូវការជំនួយពីអ្នក តាមលទ្ធភាពដែលអាចធ្វើបាន៕