Image

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់បើនិយាយពីរឿងហូលីវូដ ក្នុងនោះមានឈ្មោះម្នាក់ដែលលោកអ្នកអាចស្គាល់ជា តារាសម្តែងនិងផលិតករល្បី គឺលោក Tom Cruise។ តាមរយៈសាច់រឿងស៊េរី Mission Impossible លោកអ្នកប្រាកដជាជក់ចិត្តលើខ្សែរឿងបេសកកម្មទាំងនោះ។ នៅពីក្រោយសមិទ្ធិផលជោគជ័យនោះ បើក្រឡេកមើលបន្តិចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់លោក Cruise និងក្រុមការងារផលិតករ ដែលចំណុចសំខាន់ៗខ្លះដែលធ្វើឱ្យតារាសម្តែងអាមេរិករូបនេះ និងក្រុមការងារជោគជ័យរហូតសព្វថ្ងៃ គឺត្រូវបានបង្ហាញដូចខាងក្រោមនេះ៖

. ការប្តេជ្ញាចិត្ត

ចំណុចជាផ្នែកមួយដ៏ជោគជ័យរបស់តារាសម្តែងហូលីវូដល្បីរូបនេះគឺកម្រិតនៃការប្តេជ្ញាចិត្តទៅលើកិច្ចការងាររបស់ខ្លួន។ទោះបីជាលោកជាតារាសម្តែងជោគជ័យរួចទៅហើយ ប៉ុន្តែគេមិនដែលឃើញលោកទម្រន់យឺតលើការងារហើយថែមទាំងបំពេញតួនាទីនៃការងារសម្តែងខ្លាំងដូចពីពេលចាប់ផ្តើមអាជីពដំបូងទៀតផងដែលនេះជាចំណុចពិសេសមានក្នុងខ្លួន Tom Cruise។

. ទទួលហានិភ័យ

ប្រភេទមនុស្សជោគជ័យដូចលោក TomCruise តែងមានអត្តចរិកមួយគឺ “ទៅរកជ័យជម្នះឬក៏ទៅផ្ទះវិញ” ដែលជាហេតុធ្វើឱ្យលោកសម្រេចសមិទ្ធិផលជាច្រើនក្នុងជីវិត។ប្រឈមហានិភ័យគឺហាក់ដូចជាពិបាក ប៉ុន្តែវាជាចំណែកផ្លូវទៅរកជោគជ័យផងដែរ។ Tom ជឿថា ការងារ និងភាពយន្តដែលលោកផលិត បើទោះជាបរាជ័យ វាមិនអីនោះទេដរាបណាលោកប្រឹងអស់ពីសមត្ថភាព។

. រក្សាជំហរនិងក្តីសុបិន្ត (មិនងាយបោះបង់)

ជោគជ័យក្នុងវិស័យភាពយន្តរបស់តារាសម្តែងនិងផលិតករកូន៣រូបនេះ មកទល់សព្វថ្ងៃនេះ ពុំមែនរលូននឹងមិនធ្លាប់ជួបឧបសគ្គនោះទេ។ គេចាប់ផ្តើមស្គាល់លោកចាប់ពីពេលសម្តែងក្នុងរឿងបែបមនោសញ្ចេតនាJerryMaguire នៅឆ្នាំ១៩៩៧ ប៉ុន្តែបន្តមករហូតដល់ឆ្នាំ២០០៥ក៏មានការរិះគន់ខ្លះៗ ពិសេសការបញ្ចេញមតិមិនល្អពីសារព័ត៌មាន ជាជាងការលើកសរសើរពីចំណុចសមិទ្ធផលរបស់លោក។ជាមួយបញ្ហានេះ Cruise មិនបានបញ្ឈប់ការងារលោកទេពោលគឺនៅតែបន្តរឹងមាំផ្តោតលើកិច្ចការងារ បន្តទៅមុខរហូតចេញជាសមិទ្ធិផលដែលគេលើកសរសើរសព្វថ្ងៃពីទេពកោសល្យ និងជោគជ័យនៃភាពយន្តដែលលោកនិងក្រុមការងារផលិតឡើង ហើយតែងជោគជ័យនៅគ្រប់រោងភាពយន្ត។ 

. តែងបើកចិត្តទុកកន្លែងទទួលការអភិវឌ្ឍខ្លួនឱ្យប្រសើរជាងមុន

ការងារក្នុងវិស័យភាពយន្តហូលីវូដតារាសម្តែងដែលមានដើមកំណើតនៅក្រុង Syracuse រដ្ឋញ៉ូវយ៉កសហរដ្ឋអាមេរិករូបនេះលោកតែងពិចារណារកមើលកន្លែងដែលអាចធ្វើឱ្យប្រសើរជាងមុននូវអ្វីដែលលោកបានធ្វើ។ “អ្វីដែលខ្ញុំជឿក្នុងជីវិតនោះគឺការស្វែងរកពីរបៀបដែលអាចធ្វើឱ្យបានប្រសើរជាងមុនមិនថាជាមនុស្សដ៏ប្រសើរ ជាឪពុកដ៏ល្អម្នាក់ឬមួយក៏អភិវឌ្ឍខ្លួនក្នុងនាមជាតួនាទីផ្សេងៗទៀត” នេះដែលលោក TomCruise បានលើកឡើង។

. ប្រឹងប្រែងអស់ពីចិត្តពីថ្លើម

ដូចមនុស្សជាច្រើនបានដឹងស្រាប់ តារាសម្តែងរូបនេះគឺប្រភេទមនុស្សដែលប្រឹងប្រែងក្នុងការងារដែលលោកស្រលាញ់លោកក៏ជឿផងដែរថា ការព្យាយាមក្នុងកិច្ចការងារគឺជាគន្លឹះជោគជ័យដ៏សំខាន់។ “ខ្ញុំធ្លាប់ធ្វើការជាមួយមនុស្សជាច្រើនពួកគេមានកម្រិតនៃការលះបង់សម្រាប់ការងារខ្ពស់ ហើយខ្ញុំបានរៀននិងចូលរួមសកម្មជាមួយពួកគេ រាប់តាំងពីអ្នកដឹកនាំ និងក្រុមការងារដែលធ្វើការជាមួយគ្នាពួកគេគឺជាអ្នកប្រឹងប្រែងអស់ពីចិត្តទៅលើសមិទ្ធិផលការងារ” លោកTom Cruise បានលើកឡើង៕