ព្រឹត្តិការណ៍កូវីដនៅរាលដាលនៅឡើយមិនទាន់ស្បើយទាំងនៅបណ្តាប្រទេសនានា រាប់ទាំងកម្ពុជាផង ដែលបង្កជាបញ្ហាជាច្រើនក្នុងនោះបញ្ហាអារម្មណ៍ព្រួយបារម្ភនិងស្រ្តែសពីការរីករាលដាលនៃជំងឺដង្ហើមនេះក៏កើតមានផងដែរ។តាមរយៈព័ត៌មានណែនាំមួយចំនួន បានបង្ហាញដោយអង្គការសុខភាពពិភពលោក World Health Organization (WHO) បានបង្ហាញជាចំណុចខ្លះដែលជួយកាត់បន្ថយសម្ពាធតានតឹងអារម្មណ៍ឬស្រ្តែសដែលទាក់ទងនឹងបញ្ហាជំងឺកូវីដនេះ៖
១. វាជារឿងធម្មតាដែលយើងមានអារម្មណ៍ក្រៀមក្រំស្រ្តែស ច្របូកច្របល់ភ័យខ្លាច ឬខឹងមួម៉ៅជាដើមនៅអំឡុងពេលវិបត្តិកូវីដនេះ។យ៉ាងណាមិញ អ្នកអាចរកអ្នកដែលអាចទុកចិត្តនិយាយ ពិភាក្សាអំពីអារម្មណ៍អ្នកជាមិត្តភក្តិ ឬគ្រួសារជាដើម។
២. បើសិនអ្នកអាចមានពេលនៅផ្ទះគួរមាននិងរក្សារបៀបរស់នៅដែលមានប្រយោជន៍ដល់សុខភាពរួមមានរបបអាហារដំណេកគ្រប់គ្រាន់ លំហាត់ប្រាណ និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិបងប្អូន គ្រួសារតាមរយៈទូរសព្ទឬអ៊ិនធើណេត។
៣. កុំពិសាបារីគ្រឿងស្រវឹង ឬប្រើថ្នាំផ្សេងៗដើម្បីសម្រួលអារម្មណ៍អ្នក។ បើមានអារម្មណ៍ច្របូកច្របល់ខ្លាំងមិនអាចគ្រប់គ្រងខ្លួនឯងបានអ្នកអាចស្វែងរកអ្នកជំនាញផ្នែកសុខភាព ឬអ្នកប្រឹក្សាជួយ។មានផែនការ រកជំនួយពីសេវាសុខភាពទាំងផ្នែករាងកាយ និងផ្លូវចិត្តក្នុងករណីត្រូវការជំនួយ។
៤. ស្វែងរកមូលហេតុ
អ្នកអាចស្វែងយល់ដំណើរហេតុតាមរយៈការប្រមូលរកព័ត៌មានដែលអាចជួយអ្នកឱ្យកំណត់បាននូវហានិភ័យមួយចំនួនដូចនេះអ្នកអាចត្រៀមខ្លួនប្រុងប្រយ័ត្នជាមុន។ ស្វែងរកប្រភពព័ត៌មានណាដែលទុកចិត្តបានដូចជាវិបសាយរបស់អង្គការសុខភាពពិភពលោកឬគេហទំព័រ ឬទំព័រផ្លូវការរបស់អាជ្ញាធរសុខាភិបាលឬក្រសួងសុខាភិបាលនៃប្រទេសអ្នក។
៥. ព្យាយាមបន្ថយនូវការព្រួយបារម្ភនិងអារម្មណ៍រំជើបរំជួលរបស់អ្នកដោយកម្រិតនូវការទទួលព័ត៌មានណាដែលបង្កឱ្យអ្នកនិងសមាជិកក្នុងគ្រួសារអ្នកពិបាកចិត្ត ឬព្រួយបារម្ភច្រើន។
៦. សរសេរចេញនូវបទពិសោធខ្លះដែលអ្នកធ្លាប់បានប្រើដើម្បីជម្នះពេលលំបាកមុនៗដែលធ្លាប់មានក្នុងវិបត្តិកូវីដនឹងអាចប្រើបទពិសោធទាំងនោះដើម្បីគ្រប់គ្រងអារម្មណ៍ និងសម្រួលផ្លូវចិត្តអំឡុងពេលវិបតិ្តនេះ៕