ពេលឮពាក្យថា Pacquiaoប្រិយមិត្តប្រាកដជាស្គាល់ហើយ គឺកីឡាករប្រដាល់ពិភពលោកដែលល្បីឈ្មោះមកពីប្រទេសហ្វីលីពីន គឺលោក Manny Pacquiao។ អ្នកស្នេហាវិស័យកីឡា ច្រើនមានការជជែកច្រើន ពិសេសតាក់តិចវាយ និងការប្រកួតម្តងៗរបស់កីឡាករអាស៊ីរូបនេះជាមួយនឹងកីឡាករមកពីប៉ែកលោកខាងលិច។ ប៉ុន្តែ យ៉ាងណាមិញ នៅក្នុងចំណុចខ្លះនៃការប្រកួតលើសង្វ្រៀនរបស់លោក Pacquiao ដែលយើងច្រើនហៅលោកថា Pacman នេះ គឺត្រូវបានគេសម្គាល់ជាមេរៀនក្នុងជីវិតប្រចាំថ្ងៃផងដែរហើយចំណុចទាំងនោះមានដូចជា៖
១. ដៃគូរបស់អ្នក មិនគួរមើលងាយពួកគេឡើយ
ចំណុចទីមួយពីរឿងមិនគួរមើលងាយនេះគឺដៃគូលើសង្វៀនរបស់អ្នកប្រដាល់ Manny Pacquiao ជាអ្នកលើកឡើង។ពួកគេច្រើនលើកឡើង ក្រោយប្រកួតជាមួយ Pacquiao ដោយសារមុនប្រកួតពួកគេផ្ទាល់ច្រើនមើលថា អ្នកប្រដាល់ហ្វីលីពីនរូបនេះ មាឌតូច មិនអាចយកឈ្នះឬពួកគេអាចវាយចូលមុខ Pacquiao បានងាយ។ ប៉ុន្តែចុងក្រោយពួកគេច្រើននិយាយថា វាជារឿងងាយស្រួលក្នុងការនិយាយបែបនេះបែបនោះពីគូប្រកួត (Pacquiao)ប៉ុន្តែពេលជួបលើសង្វៀន ខ្ញុំត្រូវវៃ ហើយ Pacman (Pacquiao) ក៏ត្រូវវៃ តែគឺមិនងាយស្រួលដូចគិតនោះឡើយ។
២. ប្រើប្រាស់បទពិសោធនិងអាយុ ជាចំណុចពិសេស
អ្នកប្រដាល់ Pacquiaoឬឈ្មោះហៅក្រៅថា Pacman លើកឡើងថា បើអ្នកហាត់នៅក្លិបបានល្អនោះពេលនៅសង្វៀន អ្នកអាចប្រើប្រាស់ស្នៀត ឬតិចនិកនោះតាមដែលអ្នកចង់ប្រើ។មានដៃគូប្រកួតរបស់ Pacman ច្រើន បង្អាប់អ្នកប្រដាល់កម្ពស់១៦៨(cm)រូបនេះ អំពីអាយុផងដែរ ប៉ុន្តែគូប្រកួតច្រើនភ្ញាក់ផ្អើលអំពីតាក់តិចល្បឿនវាយ និងគ្រោះថ្នាក់ពីទម្ងន់ដៃរបស់អ្នកប្រដាល់ហ្វីលីពីនវ័យ៤២ឆ្នាំរូបនេះ។ដោយផ្អែកតាមគ្រូបង្វឹកប្រដាល់អូស្រ្តាលី លោក Justin Fortune បានលើកឡើងថា Pacman នៅតែដូចអ្នកប្រដាល់ផ្សេងទៀត ថែមទាំងគ្រោះថ្នាក់បើគូប្រកួតប្រហែស ពិសេសលើតាក់តិចរបស់គាត់។
៣. មិនគ្រាន់តែវាយទេតែហោះទៅជាមួយទៀតផង
“បើអ្នកពិតជាហ្វឹកហាត់ល្អពិតប្រាកដ អ្នកអាចយកឈ្នះបាន” នេះដែលលោក Pacman បានលើកឡើង។ អ្នកអាចសម្គាល់ពីការវាយរបស់កីឡាករដែលមានដើមកំណើតនៅក្រុងKibawe ប្រទេសហ្វីលីពីនរូបនេះ គឺតែងវាយដូចការហោះខ្លួនទៅជាមួយផងដែរពោលគឺ Pacman មានមាឌតូចជាងគូប្រកួតមែនតែនៅពេលបោះកម្លាំងដៃវាយ គឺហោះព្រមនឹងកម្លាំងពីក្នុងខ្លួនផង។ ពិតណាស់បើអ្នកពុំបានកម្ពស់ ដូចនេះល្បឿន និងកម្លាំងគឺជាចំណុចពិសេស។ ត្រឡប់មកអ្នកវិញគឺយើងអាចផ្តោតលើចំណុចខ្លាំងដែលមាន និងចំណុចពិសេសៗដែលអ្នកធ្វើបាន ជាមួយមូលដ្ឋានដែលអ្នកមាន។
៤. រៀនទទួលកណ្តាប់ដៃ
ចំណុចមួយនេះពីកីឡាករប្រដាល់អាស៊ីប៉ុន្តែវាយលំដាប់ថ្នាក់ពិភពលោករូបនេះ គឺចង់សម្តៅទៅលើការនាំឱ្យយើងចេះទទួលយកបញ្ហាខ្លះហើយរៀនដោះស្រាយវា ពោលគឺប្រៀបដូចនៅពេលដែល Pacman តែងសម្គាល់ឃើញថាដៃគូរបស់ខ្លួនតែងមានបញ្ហា ហើយមិនទាន់ចេះធន់នឹងកម្លាំងដៃដែលលោកវាយទៅនោះទេប៉ុន្តែសម្រាប់លោកវិញ កម្លាំងដៃដែលគូប្រកួតវាយមកវិញគឺត្រូវតែរៀនទទួលខ្លះ គេចមិនផុតប៉ុន្តែលោកមានចំណុចម្យ៉ាង គឺធន់នឹងកម្លាំងដៃ។
៥. អ្វីដែលអំណោយផលពីធម្មជាតិ
អ្នកអាចភ្ញាក់ផ្អើលពីអ្វីដែលអំណោយផលពីធម្មជាតិដល់Pacmanពោលគឺលោកមានល្បឿនលឿន។ ក្នុងវីដេអូផ្សាយព័ត៌មានរបស់ iNetNews បានបង្ហាញថា ល្បឿនវាយប្រកបដោយកម្លាំងរបស់ Pacman គឺ០.១២វិនាទី ដែលលឿនជាងល្បឿននៃការព្រិចភ្នែកជាធម្មតាទូទៅរបស់យើងដែលមានល្បឿនប្រហែល ០.៣០វិនាទី។ ដូចនេះ ចំណុចមេរៀនគឺអាចរកអ្វីដែលជាចំណុចពូកែនៃធម្មជាតិរបស់អ្នក ហើយអាចដុសខាត់វាឱ្យបានប្រសើរឡើង៕