ជីវិតជាប្តីប្រពន្ធ ប្រៀបដូចអ្នករួមដំណើរជីវិតរួមគ្នាដែលទោះបីពេលខ្លះនឹងជួបរឿងសប្បាយ រឿងទុក្ខ ភាពនឿយណាយខ្លះក្នុងជីវិតចៀសមិនរួចរឿងបញ្ហាត្រូវប្រឈម តែក៏នៅចេះយកចិត្តទុកដាក់ និងចេះស្វែងរកវិធីរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល។ យ៉ាងណាមិញវាក៏ត្រូវការឱ្យមានការយកចិត្តទុកដាក់ដោយអ្នកទាំងពីរ ពោលគឺប្តីនិងប្រពន្ធ ដែលជាអ្នកបង្កើតភាពរីករាយសាមគ្គី លើកទឹកចិត្តគ្នានិងចំណាយពេលវេលាជាមួយគ្នាដែលចំណុចទាំងនោះត្រូវបានគូស្វាមីភរិយា ជាអ្នកមានបទពិសោធន៍មុនៗបង្ហាញថាជាកូនសោរក្សាចំណងជីវិតអាពាហ៍ពិពាហ៍ឱ្យស្រស់ថ្លារហូតដែលចំណុចទាំងនោះមានដូចជា៖
ចេះគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ចេះសរសើរ លើកស្ទួយ និងផ្តល់កិត្តិយសឱ្យគ្នា ឧទាហរណ៍ប្តី ឬប្រពន្ធសម្រេចកិច្ចការអ្វីមួយ ត្រូវចេះអបអរ និងលើកទឹកចិត្តគ្នា ដែលនេះជាហេតុដឹកនាំឱ្យគ្រួសារទាំងមូលរីកចម្រើនទៅមុខ ក៏ដោយសារការចេះយល់ចិត្ត ជ្រោមជ្រែងកិច្ចការជារួមនេះ។
ចេះផ្តល់ភាពកក់ក្តៅ និងមានភាពស្និទ្ធស្នាលជាមួយគ្នា មានការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងជ្រាលជ្រៅ មិនថាសកម្មភាពតូចៗ ឬកិច្ចការងារធំនោះទេ សកម្មភាពទាំងនោះរាប់ទាំងការដឹងថាដៃគូ មានចំណូលចិត្តអ្វី ចង់បានអ្វី ឬមានចំណុចខ្វះខាតណាខ្លះដែលគួរជួយរំលឹកប្រាប់ និងផ្តល់នូវអំណោយតាមលទ្ធភាពជាការប្រសើរផងដែរដែលជាការយកចិត្តទុកដាក់ចំពោះគ្នា។
ផ្តល់សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មិនប្រើហិង្សាក្នុងការដោះស្រាយបញ្ហា ត្រូវចេះបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារវិញ។
ចេះអធ្យាស្រ័យឱ្យគ្នា (ពេលមានកំហុស) មើលរំលងរឿងខុសត្រូវ ងាកមកអភ័យទោស។
មានភាពស្មោះត្រង់ មិនផិតក្បត់គ្នា មិនមែនយកគ្នាជាស្វាមី ឬភរិយា ហើយទៅសម្លឹងមើលអ្នកទីបី ឬលួចលាក់មានអ្នកថ្មី ដែលជាគំរូមិនល្អ ហើយងាយនឹងបែកបាក់គ្រួសារ រកសុខមិនឃើញ។
មានផែនការគ្រួសារច្បាស់លាស់ (ចេះចិញ្ចឹមបីបាច់ និងគ្រប់គ្រងកូនចៅ) ចេះគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ និងមានការចំណាយដោយសន្សំសំចៃ គាំទ្រលើកទឹកចិត្តគ្នា។
ចេះជួយដោះស្រាយពេលមានបញ្ហាកើតឡើងរួមគ្នា ទទួលខុសត្រូវរួមគ្នា ធ្វើការពិចារណារ និងពិភាក្សាគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្ត និងត្រូវធ្វើការសម្រេចចិត្តរួមគ្នា។ មានពេលខ្លះមានការគិតខុសគ្នា តែគោរពការសម្រេចចិត្ត និងកាន់ដៃគ្នា(ចេះជួយកម្លាំងចិត្តគ្នា)។
និយាយណែនាំប្រាប់កំហុស ដោយមេត្តា និងជួយកែលម្អ ហើយមិនគួរប្រើពាក្យធ្ងន់ៗដាក់គ្នា ដែលមិនមែនជាលក្ខណៈអ្នកដឹកនាំគ្រួសារ ហើយដែលបង្កជាការអាក់អន់ចិត្តគ្នាទៅវិញ។ គួររិះរកវិធីកែលម្អគ្នា ឱ្យប្រសើរឡើងវិញ។
ចេះផ្តល់ក្តីស្រឡាញ់ គោរពសមាជិកក្រុមគ្រួសារទាំងសងខាង ដែលមានន័យថាមិនលម្អៀងទៅរកញាតិតែម្ខាង ត្រូវចេះផ្តល់តម្លៃញាតិទាំងប្តី ប្រពន្ធស្មើគ្នា គោរពនិងឱ្យតម្លៃពួកគេសមស្របទៅតាមគុណធម៌ដែលត្រូវមាន។
មានពេលវេលាខ្លះជាមួយគ្នា ដើរកម្សាន្តខ្លះ ដែលមានន័យថា ទោះបីការងារមានត្រូវធ្វើ ត្រូវរកស៊ីដើម្បីជីវភាពគ្រួសារ តែក៏មិនគួរភ្លេចសមាជិក ដែលជាគូជីវិតនេះដែរ។ មានពេលខ្លះសម្រាប់គ្នា ទៅដើរលេងកម្សាន្តជាមួយគ្នា ចំណាយពេលវេលាជាមួយគ្នា ដែលរឹតតែបង្កើនចំណងសុភមង្គល និងភាពរីករាយជាប់ជានិច្ច និងបង្កើនបរិយាកាសថ្មីៗ ដែលមិនបង្កភាពធុញទ្រាន់។
បង្ហាញក្តីស្រលាញ់ដោយសកម្មភាព ហើយពេលខ្លះនិយាយពាក្យថាស្រឡាញ់យូរៗម្តងក៏បាន។
ពេលខ្លះជួយអ្វីមិនបាន តែយ៉ាងហោចណាស់ត្រូវនៅក្បែរគ្នាជានិច្ច។
ទោះពេលខ្លះ នៅជាមួយគ្នារាល់ថ្ងៃ តែគួរសុខទុក្ខគ្នាខ្លះ ថ្ងៃនេះយ៉ាងណាដែរ?
ចិត្តល្អដាក់គ្នាគ្រប់កាលៈទេសៈ។
ទាំងនេះគឺជាឧទាហរណ៍ខ្លះៗដែលគូស្រករមុនៗ បានចែករំលែកដើម្បីជាទ្រព្យសុភមង្គលសម្រាប់គ្រួសាររវាងប្តីនិងប្រពន្ធ ហើយចំណុចទាំងនេះក៏ត្រូវការការចូលរួមចំណែករវាងអ្នកទាំងសងខាងបង្កើតឡើងដើម្បីឱ្យជីវិតគ្រួសារនោះនៅតែស្រស់បំព្រងតទៅមុខមិនចេះនឿយណាយ៕