ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើ។

ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕